ក្រុម Liverpool ដែលកំពុងតែនាំមុខដាច់លើតារាងក្របខ័ណ្ឌ Premier League បានធ្វើឲ្យពួកគេផ្ទាល់ស្ថិតក្នុងទីតាំងនៃការបង្កើតកំនត់ត្រាថ្មីមួយ ស្របពេលដែលក្រុម Chelsea, Tottenham និង Manchester United កំពុងតែស្ថិតក្នុងការប្រជែងចំណាត់ថ្នាក់លេខ៤។
ជាមួយនឹងការនាំមុខ ១៣ពិន្ទុដាច់ នៅលើកំពូលតារាង និងការនៅសល់១ប្រកួតក្នុងដៃដើម្បីបន្ថែមការមានប្រៀបរបស់ខ្លួន ក្រុម Liverpool នឹងធ្វើដំណើរទៅជួបក្រុម Tottenham នៅថ្ងៃសៅរ៍នេះ ក្នុងនាមជាក្រុមមានក្តីសង្ឃឹមដ៏ខ្ពស់ក្នុងការឈ្នះពានក្របខ័ណ្ឌកំពូលរបស់អង់គ្លេស ជាលើកទី១បើគិតចាប់តាំងពីឆ្នាំ១៩៩០។ ក្រុមរបស់លោក Klopp បានគ្រប់គ្រងស្ទើរតែទាំងស្រុង ដែលនាំឲ្យលោក Pep Guardiola គ្រូបង្វឹករបស់ក្រុម Manchester City បានទទួលស្គាល់ថា ការប្រជែងដណ្តើមពានចប់សព្វគ្រប់ហើយសម្រាប់ក្រុមរបស់លោក។
ក្រុមហង្សក្រហមមួយនេះ ដែលបានឈ្នះការប្រកួត១៩លើកក្នុងចំណោមការប្រកួតក្នុងលីកទាំង២០លើករបស់ខ្លួននោះ មានសក្តានុពលក្នុងការធ្វើឲ្យពួកគេក្លាយជាក្រុមដ៏អស្ចារ្យជាប្រវត្តិសាស្ត្រ ខណៈដែលពួកគេកំពុងតែសម្លឹងរកការបង្កើតកំណត់ដ៏អស្ចារ្យមួយក្នុងក្របខ័ណ្ឌកីឡាបាល់ទាត់អង់គ្លេស។
កំណត់ត្រានៃការមិនស្គាល់ចាញ់សោះក្នុងការប្រកួតលីករបស់ Liverpool បានឈានដល់៣៧ប្រកួត បើគិតចាប់តាំងពីពួកគេបានរងបរាជ័យនៅលើទឹកដីក្រុម Manchester City កាលពីខែមករា ឆ្នាំ២០១៩ ដែលនាំឲ្យពួកគេនៅសល់ត្រឹមតែ១២ប្រកួតទៀតប៉ុណ្ណោះ ក្នុងការតាមស្មើកំណត់ត្រាក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេស ដែលត្រូវបានបង្កើតឡើងដោយក្រុម Arsenal ក្នុងឆ្នាំ២០០៤៕
ប្រភពព័ត៌មាន៖ Channel News Asia