ក្រុម Tottenham Hotspur បានវាយបកដេញតាមពីក្រោយ២គ្រាប់ ដើម្បីផ្តួលក្រុម Olympiakos ក្នុងលទ្ធផល ៤-២ និងដើម្បីឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយ នៅថ្ងៃនៃការបង្ហាញមុខជាលើកទី១របស់លោក Jose Mourinho លើទឹកដីខ្លួនឯង កាលពីថ្ងៃអង្គារ ស្របពេលដែលខ្សែប្រយុទ្ធ Robert Lewandowski បានបន្តរដូវកាលដ៏គួរឲ្យកត់សម្គាល់របស់គេ តាមរយៈការស៊ុតបាល់បញ្ចូលទី៤គ្រាប់ឲ្យក្រុម Bayern Munich។
Spurs បានក្លាយជាក្រុមមួយក្នុងចំណោមក្រុមចំនួន៣ ដែលបានឈ្នះកៅអីទៅរបស់ពួកគេទៅកាន់វគ្គបន្ត ខណៈនៅសល់១ប្រកួតក្នុងដៃ ហើយ Manchester City និង Real Madrid ក៏បានឈ្នះកៅអីទៅវគ្គ១៦ក្រុមចុងក្រោយផងដែរ។
លោក Mourinho បានប្រាប់ទូរទស្សន៍ BT Sport ថា៖ «កីឡាករទាំងនេះ បានប្រឹងអស់ពីសមត្ថភាព ខ្ញុំពិតជាមានអារម្មណ៍ល្អណាស់ ហើយយើងមានការប្រកួតដ៏លំបាកជាច្រើននៅចំពោះមុខ។ យើងអាចសម្លឹងឆ្ពោះទៅកាន់ការប្រកួតជាមួយនឹងក្រុម Bayern Munich ជាមួយនឹងអារម្មណ៍ផ្សេងគ្នា»។
Tottenham នឹងបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ក្នុងពូល B បន្ទាប់ពីក្រុម Bayern ដែលបានកត់ត្រាជ័យជម្នះ៥លើក ពីការប្រកួតទាំង៥លើក ក្នុងក្របខ័ណ្ឌអឺរ៉ុប នារដូវកាលនេះ ខណៈដែល Lewandowski រកបាន៤គ្រាប់ដើម្បីជួយឲ្យក្រុមខ្លួនយកឈ្នះ ៦-០ នៅលើទឹកដីក្រុម Red Star។ Lewandowski បានស៊ុតបាល់បញ្ចូលទី៤គ្រាប់នៅចន្លោះពេល១៦នាទីក្នុងតង់ទី២ ពោលគឺចន្លោះគ្រាប់បាល់របស់ Leon Goretzka និង Corentin Tolisso៕
ប្រភពព័ត៌មាន៖ Channel news Asia