ខ្សែប្រយុទ្ធជើងចាស់ Sergio Aguero របស់ក្រុមមេឃខៀវ Manchester City បានបង្ហើបប្រាប់អោយដឹងថាការចូលរួមជាមួយក្លឹបជើងឯកក្របខណ្ឌ Premier League គឺជាការសម្រេចចិត្តអាជីពដ៏ល្អបំផុតដែលរូបគេបានធ្វើ។ កីឡាករអន្តរជាតិអាហ្សង់ទីនរូបនេះកំពុងលេងអោយក្រុមក្នុងរដូវកាលទី៨ ក្រោយផ្លាស់ពី Atletico Madrid មកកាលពីខែកក្កដាឆ្នាំ២០១១ ក្នុងតម្លៃខ្លួន ៣៥លានផោន។
Aguero បានបង្ហាញខ្លួនឲ្យក្រុមតោខៀវចំនួន ៣៥០ប្រកួតដោយបានក្លាយជាអ្នករកគ្រាប់បាល់បានច្រើនជាងគេដោយមានកំណត់ត្រា ២៤៣គ្រាប់ដែលនាំមុខ ៦៦លើកីឡាករប្រវត្តិសាស្រ្តលេខ២ Eric Brook។
នៅក្នុងបទសម្ភាសន៏ប្រាប់គេហទំព័រផ្លូវការរបស់ក្លិបថា Aguero បានបញ្ជាក់យ៉ាងដូច្នេះថាៈ វាពិបាកក្នុងការនឹកស្រមៃថាយើងបានចំណាយពេលយូរជាមួយក្លិបមួយ ហើយពេលកន្លងផុតទៅវាកាន់តែច្បាស់សម្រាប់ខ្ញុំថាវាពិតជាអ្វីដែលខ្ញុំចង់បាន។ ខ្ញុំរីករាយនឹងរដូវកាលទី៨ ជាមួយ Manchester City ហើយអ្វីដែលមិនអាចបំភ្លេចបាននោះគឺការរកគ្រាប់បាល់ប្រឆាំងនិងក្លឹប Queens Park Rangers ក្នុងឆ្នាំ២០១២ ដើម្បីជួយក្លឹបលើកពាន Premier League លើកដំបូងក្នុងអាជីពរបស់ខ្ញុំ។
បើទោះបីជាមិនបានលេងរាល់ការប្រកួតចាប់តាំងពីបើកឆាករដូវកាលថ្មី(២០១៩-២០២០) Aguero នៅតែស្ថិតនៅកំពូលតារាងនៃអ្នកស៊ុតបញ្ចូលទីក្នុងក្របខ័ណ្ឌ Premier League ដោយរកបាន ៨គ្រាប់ហើយគិតត្រឹមសប្តាហ៏ទី១០ នេះ។
ប្រភព៖ Futaa