ក្លិប Lyon បានសម្រេចចិត្តបណ្តេញលោក Sylvinho សញ្ជាតិប្រេស៊ីល ចេញពីតំណែង ត្រឹមតែ១១ប្រកួត នៅរដូវកាលនេះ ក្រោយពីការធ្លាក់ចុះទម្រង់លេងជាបន្តបន្ទាប់។ នេះបើយោងទៅតាមការបញ្ជាក់របស់ក្លិបស្ថិតក្នុងក្របខ័ណ្ឌ Ligue 1 មួយនេះ កាលពីថ្ងៃច័ន្ទ។
អតីតខ្សែការពាររបស់ក្លិប Arsenal និង Barcelona រូបនេះ ទើបតែបានចូលកាន់តំណែងនៅឯកីឡដ្ឋាន Groupama កាលពីខែឧសភា ដើម្បីជំនួសកន្លែងរបស់លោក Bruno Genesio។ ក្លិប Lyon បានឲ្យដឹងក្នុងសេចក្តីប្រកាសមួយថា៖ «ក្លិប OL បានសម្រេចចិត្តក្នុងការអនុវត្តនីតិវិធីមួយដែលអាចនាំឲ្យការបញ្ចប់កិច្ចសន្យារបស់លោក Sylvio Mendes Campo Junior (Sylvinho)»។ នេះគឺជាតួនាទីជាលើកដំបូងរបស់គ្រូបង្វឹកវ័យ៤៥ឆ្នាំក្នុងនាមជាគ្រូបង្វឹក ក្រោយពីធ្លាប់បានធ្វើការក្នុងនាមជាគ្រូបង្វឹកជំនួយរបស់លោក Tite ក្នុងក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល។ បើទោះបីបាត់បង់កីឡាករឆ្នើមៗជាច្រើន ក្នុងនោះរាប់បញ្ចូលទាំង Ferland Mendy, Tanguy Ndombele និង Nabil Fekir ក្នុងពេលបិទរដូវកាលក៏ដោយ។
លោក Sylvinho បានចាប់ផ្តើមយ៉ាងល្អ ខណៈដែលក្រុម Lyon បានយកឈ្នះក្នុងលទ្ធផល ៣-០ នៅលើទឹកដីក្រុម Monaco និងបានយកឈ្នះលើក្រុម Angers ក្នុងលទ្ធផល ៦-០ ក្នុងការប្រកួត២លើករដំបូងរបស់ពួកគេ។ ប៉ុន្តែ ពួកគេមិនបានឈ្នះការប្រកួតលីក១លើកសោះ ចាប់តាំងពីពេលនោះមក និងបាននាំមុខត្រឹមតែ១ពិន្ទុប៉ុណ្ណោះលើក្រុមស្ថិតក្នុងតំបន់កាត់ចោល៕