ខ្សែប្រយុទ្ធ Robert Lewandowski បានស៊ុតបាល់បញ្ចូលទី ខណៈដែលក្រុម Bayern Munich បានយកឈ្នះលើក្រុម Red Star Belgrade យ៉ាងងាយក្នុងលទ្ធផល ៣-០ ក្នុងការប្រកួតបើកឆាកនៃក្របខ័ណ្ឌ Champions League វគ្គចែកពូលរបស់ពួកគេ នាកីឡាដ្ឋាន Allianz Arena កាលពីថ្ងៃពុធ។
ក្រោយពីកីឡាករ Kingsley Coman បានជួយឲ្យក្រុម Bayern រកបានគ្រាប់បាល់នាំមុខមុន ខ្សែប្រយុទ្ធ Lewandowski បានស៊ុតបាល់បំប៉ោងសំណាញ់ទីនៅរយៈពេល១០នាទីចុងក្រោយ ដើម្បីរកគ្រាប់បាល់ទី៩របស់គេ ក្នុងការប្រកួត៦លើក នៅមុនពេល Thomas Muller បានបន្ថែមគ្រាប់បាល់ទី៣នៅជិតបញ្ចប់ការប្រកួត។
Bayern នឹងត្រូវឈានដំណើរទៅជួបក្រុមម្ចាស់ជើងឯករងកាលពីរដូវកាលមុន Tottenham ក្នុងការប្រកួតជុំទី២នៃពូល B របស់ពួកគេ ក្នុងរយៈពេល២សប្តាហ៍ទៀត។ ក្រុមម្ចាស់ផ្ទះ ហាក់ដូចជាត្រូវកត់ត្រាជ័យជម្នះដ៏ស្តួចស្តើងទៅហើយ នៅមុនពេល Lewandowski បានដណ្តើមយកប្រៀបទៅលើការប្រព្រឹត្តកំហុស២លើកក្នុងតំបន់ការពាររបស់ក្រុម Red Star ដើម្បីបន្ថែមការនាំមុខរបស់ក្រុមខ្លួន។
ស្របពេលជាមួយគ្នានេះក្រុម Tottenham មិនដណ្តើមបានជ័យជម្នះក្នុងការប្រកួតនៅថ្ងៃបើកឆាកឡើយ ក្នុងក្របខ័ណ្ឌ Champions League ខណៈដែលក្រុមម្ចាស់ជើងឯករងមួយនេះ បានខ្ជះខ្ជាយគ្រាប់បាល់នាំមុខ ដើម្បីបញ្ចប់ត្រឹមលទ្ធផលស្មើ ២-២ ជាមួយនឹងក្រុម Olympiakos ក្នុងប្រទេសក្រិក កាលពីថ្ងៃពុធ៕
ប្រភពព័ត៌មាន៖ Channel News Asia