អ្នកចាំទី Marc-Andre ter Stegen បានសង្គ្រោះការស៊ុតបាល់ប៉េណាល់ទីរបស់ Marco Reus ស្របពេលដែលក្រុម Barcelona បានគេចផុតពីការខកចិត្តដើម្បីបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ជាមួយនឹងក្រុម Borussia Dortmund ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គចែកពូល កាលពីថ្ងៃអង្គារ។

អ្នកចាំទីសញ្ជាតិអាល្លឺម៉ង់រូបនេះ ក៏បានសង្គ្រោះបាល់ពីការស៊ុតរបស់ Reus ផងដែរ ខណៈដែលក្រុម Dortmund បានគ្រប់គ្រងស្ទើរតែទាំងស្រុងក្នុងតង់ទី២។ ក្រោយពីបានឃើញក្រុមរបស់លោកអាចគេចផុតពីការដាក់សម្ពាធយ៉ាងខ្លាំងក្លាពីក្រុម Dortmund លោក Valverde បានឲ្យដឹងថា៖ «ក្រុមនេះ បានជម្នះលើពេលវេលាដ៏អាក្រក់នៅថ្ងៃនេះ ជាពិសេសត្រូវអរគុណដល់ Ter Stegen»។

Ter Stegen បានប្រាប់ទូរទស្សន៍ Sky ថា៖ «វាជាការប្រកួតដ៏លំបាកមួយនៅថ្ងៃនេះ ហើយខ្ញុំគិតថា លទ្ធផលនេះគឺយុត្តិធម៌ បើគិតពីអ្វីដែលបានកើតឡើង។ Marco លេងបានយ៉ាងល្អនៅថ្ងៃនេះ ហើយពិតជាធ្វើឲ្យយើងរងនូវសម្ពាធ»។ ប៉ុន្តែ ក្រុម Dortmund និងប្រធានក្រុមរបស់ខ្លួនគឺ Reus ពិតជាស្តោកស្តាយចំពោះការខ្ជះខ្ជាយឱកាសជាច្រើន៕

មានវីដេអូ: