លោក Tite គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល បានបញ្ជាក់ថា តារាឆ្នើម Neymar នឹងបញ្ចប់ការរង់ចាំដ៏យូរអង្វែងមួយសម្រាប់ការវិលត្រឡប់របស់គេពីរបួស នៅពេលដែលក្រុមម្ចាស់ជើងឯកប្រចាំទ្វីបអាមេរិកខាងត្បូងមួយនេះ ប៉ះជាមួយនឹងក្រុមជម្រើសជាតិកូឡុំប៊ី ក្នុងការប្រកួតមិត្តភាពនៅថ្ងៃសុក្រនេះ (ត្រូវនឹងព្រឹកថ្ងៃសៅរ៍នៅកម្ពុជា)។ តារាឆ្នើម Neymar របស់ក្លិប Paris Saint-Germain មិនធ្លាប់បានចូលលេងឡើយ បើគិតចាប់តាំងពីបានរងរបួសកជើង ក្នុងការប្រកួតមិត្តភាពជាមួយនឹងក្រុមកាតា កាលពីខែមិថុនា ដែលបានធ្វើឲ្យរូបគេអវត្តមានពីការប្រកួត Copa America។
ទោះបីជាយ៉ាងណា លោក Tite បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា ខ្សែរប្រយុទ្ធរូបនេះ ត្រូវបានពិនិត្យឃើញថា មានភាពរឹងមាំគ្រប់គ្រាន់ហើយ និងត្រៀមខ្លួនរួចរាល់ដើម្បីវិលទៅប្រកួតជាមួយនឹងក្រុមជម្រើសជាតិកូឡុំប៊ី នាកីឡាដ្ឋាន Hard Rock។ លោក Tite បានឲ្យដឹងថា៖ «ជាទូទៅ រូបគេបានជាសះស្បើយពីរបួសទាំងស្រុងឡើយ ខណៈដែលគ្រប់គ្នាចងចាំពីការលុបឈ្មោះរូបគេចេញពីយុទ្ធនាការ Copa America»។ លោកបានបន្ថែមទៀតថា៖ «ប្រសិនបើរូបគេមិនរឹងមាំទេនោះ រូបគេនឹងមិនស្ថិតនៅជានឹងក្រុមជម្រើសជាតិឡើយ។
យើងមិនមែនមិនមានការទទួលខុសត្រូវដើម្បីបង្ខំលើស្ថានភាពមួយ នៅពេលដែលមានការខ្វល់ខ្វាយពីសុខភាពកីឡាករឡើយ។ ខ្ញុំ និងបុគ្គលិកគ្រូបង្វឹក នឹងមានការយកចិត្តទុកដាក់ខ្ពស់លើការវិវឌ្ឍរបស់គេ។ រូបគេត្រៀមរួចរាល់ហើយ គេមានសមត្ថភាពក្នុងការបំពេញតម្រូវការក្រុម»។ ប្រេស៊ីល បានឈ្នះពាន Copa America ដោយគ្មាន Neymar កាលពីខែកក្កដា ដែលជាការឈ្នះពានជាលើកដំបូងរបស់គេក្នុងយុទ្ធនាការនេះ បើគិតចាប់តាំងពីឆ្នាំ២០០៧៕
ប្រភពព័ត៌មាន៖ Channel News Asia