ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន Mauro Icardi ដែលក្លិប Inter Milan លែងត្រូវការ បានចូលរួមជាមួយនឹងក្លិប Paris Saint-Germain កាលពីល្ងាចថ្ងៃច័ន្ទ ក្នុងលក្ខខណ្ឌខ្ចីជើង ជាមួយនឹងជម្រើសក្នុងការទិញយកដាច់។ នេះបើយោងទៅតាមការប្រកាសរបស់ក្លិបយក្សរបស់បារាំងមួយនេះ។ Icardi គឺជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេក្នុងក្របខ័ណ្ឌ Serie A នារដូវកាលឆ្នាំ២០១៧-២០១៨ តាមរយៈការរកបាន២៩គ្រាប់។ ប៉ុន្តែ កាលពីរដូវកាលមុន រូបគេ ត្រូវបានគេដកហូតតំណែងជាប្រធានក្រុម ដោយសារតែមានជម្លោះលើកុងត្រា ហើយក្រោយមក មិនត្រូវបានអនុញ្ញាតឲ្យចូលហ្វឹកហាត់ពេញលេញឡើយ។
រូបគេក៏បានចាប់ផ្តើមចាត់វិធានការផ្នែកច្បាប់ប្រឆាំងនឹងក្លិបនេះ ផងដែរ។ ក្លិប PSG បានត្រូវការខ្សែប្រយុទ្ធម្នាក់ជាបន្ទាន់។ ពួកគេនឹងត្រូវលេងដោយគ្មានខ្សែប្រយុទ្ធជម្រើសដំបូងរបស់ពួកគេសម្រាប់ការប្រកួតបើកឆាកនៃក្របខ័ណ្ឌ Champions League របស់ពួកគេជាមួយនឹងក្រុម Real Madrid នៅថ្ងៃទី១៨ ខែកញ្ញា។ ខ្សែប្រយុទ្ធ Kylian Mbappe និង Edinson Cavani អាចនឹងវិលពីរបួសវិញ នៅមុនពេលការប្រកួតជុំទី២នៃវគ្គចែកពូល។
Neymar ដែលនៅតែមិនទាន់បានបង្ហាញខ្លួនឲ្យក្លិប PSG នៅរដូវកាលនេះ ត្រូវជាប់ពិន័យព្យួរ៣ប្រកួតក្នុងក្របខ័ណ្ឌអឺរ៉ុប ហេតុនេះ រូបគេមិនអាចចូលេងបានឡើយ បើទោះបីរូបគេរឹងមាំគ្រប់គ្រាន់ ពោលគឺទាំងកាយសម្បរទា និងផ្លូវចិត្ត ដើម្បីលេងក៏ដោយ។ ស្របពេលដែល Neymar មិនអាចសម្រេចបំណងរបស់គេក្នុងការចាកចេញពីក្លិប PSG តារាឆ្នើម Icardi បានគេចចេញពីទំនាក់ទំនងដ៏ជូរចត់របស់គេជាមួយនឹង Inter Milan តាមរយៈការបំពេញការខ្ចីជើងទៅ PSG៕
ប្រភពព័ត៌មាន៖ Channel News Asia