កីឡាករ Keylor Navas បានបញ្ចប់ការផ្ទេរទៅលេងនៅក្លឹបយក្សបារាំង Paris Saint-Germain ក្រោយចំណាយពេល៥ ឆ្នាំ នៅឯ Estadio Santiago Bernabeu ។ កីឡាករអន្តរជាតិកូស្តារីការូបនេះ បានចុះកិច្ចសន្យារយៈពេល ៤ ឆ្នាំជាមួយជើងឯក Ligue១ គឺ PSG ក្នុងតម្លៃផ្ទេរប្រមាណ១៥ លានអឺរ៉ូ។កិច្ចចរចារផ្ទេរនេះជាផ្នែកមួយនៃការព្រមព្រៀងដោះដូរគ្នាជាមួយអ្នកចាំទី Alphonse Areola ដើម្បីក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាល។
Navas វ័យ ៣២ ឆ្នាំរូបនេះបានចាកចេញពីក្លឹបក្រោយសាងកេរ្ត៏ឈ្មោះល្បីល្បាញនិង បានដើរតួយ៉ាងសំខាន់ក្នុងការជួយក្លឹបលើកពានរង្វាន់ Champions League បីលើកជាប់ៗគ្នាចន្លោះឆ្នាំ ២០១៦ និង ២០១៨ ពោលគឺក្នុងរយៈពេល ៥ រដូវកាលជាមួយក្លឹបមានមូលដ្ឋាននៅរាជធានីប្រទេស អេស្ប៉ាញ។ Keylor បានចាកចេញក្រោយឈ្នះមេដាយសរុបចំនួន១២ ក្នុងនោះ៩គ្រឿងបានមកកំលុងពេលរូបគេចូលលេងក្នុងនាមជម្រើស១១នាក់ដំបូង។