លោក Antonio Conte គ្រូបង្វឹករបស់ក្រុម Inter Milan សង្ឃឹមថា នឹងបំពេញការផ្ទេរខ្សែប្រយុទ្ធ Romelu Lukaku ពីក្លិប Manchester United ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ក្លិបរបស់អ៊ីតាលីមួយនេះ បានប្រមាញ់ទិញ Lukaku អំឡុងពេលនៃការបើកទីផ្សារដោះដូរកីឡាករនៅពេលនេះ និងបានបន្តធ្វើការព្យាយាមដាក់សំណើរថ្មីមួយក្នុងទឹកប្រាក់៦៥លានផោន (ស្មើនឹង៧៩លានដុល្លារអាមេរិក) ខណៈដែលពួកគេចង់បំពេញការផ្ទេរនេះ ឲ្យទាន់ពេលវេលា។
ខ្សែប្រយុទ្ធអន្តរជាតិបែលហ្ស៊ិករូបនេះ មិនបានលេងសូម្បីតែ១នាទី ក្នុងយុទ្ធនាការមុនបើករដូវកាលរបស់ក្រុម Man United ហើយលោក Conte ជឿជាក់ថា រូបលោកអាចនាំយកតារាឆ្នើមវ័យ២៦ឆ្នាំរូបនេះទៅកាន់កីឡាដ្ឋាន San Siro។
ក្រោយពីក្រុមរបស់លោកបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ នៅលើទឹកដីក្រុម Tottenham ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាល កាលពីថ្ងៃអាទិត្យ គ្រូបង្វឹករូបនេះបានឲ្យដឹងថា៖ «យើងបន្តធ្វើការទៅលើការងារនេះ ក្នុងមធ្យោបាយដ៏ល្អបំផុត»។ លោកបានបន្ថែមទៀតថា៖ «ខ្ញុំយល់ថា មានចន្លោះជាច្រើនដែលត្រូវតែបំពេញក្នុងពេលនេះ ហើយខ្ញុំពោរពេញដោយការជឿជាក់ថា ការផ្ទេរនេះ នឹងកើតឡើង។ ក្នុងពេលជាមួយគ្នានេះ ខ្ញុំកំពុងតែធ្វើការជាមួយនឹងក្រុមកីឡាករដ៏អស្ចារ្យជាច្រើនដែលផ្តល់ឲ្យខ្ញុំនូវការពេញចិត្តខ្លាំង»៕
ប្រភពព័ត៌មាន៖ Channel News Asia