Raheem Sterling មានបំណងចង់ចាកចេញពីក្លឹបមេឃខៀវ Man.City ក្នុងអំឡុងពេលទីផ្សារដោះដូរ កីឡាករនិងបើកជាលើកទីពីរនៅខែមករា២០២២ខាងមុខនេះ ពោលគឺក្រោយមិនជាប់ជម្រើសដំបូងជាទៀងទាត់នៅរដូវកាលនេះយោងគេហទំព័រអេស្បាញ Mundo Deportivo បានចុះផ្សាយ។ខ្សែប្រយុទ្ធស្លាបក្រុមតោកំណាច អង់គ្លេសរូបនេះបានប្រកបអាជីពនៅទឹកដីEtihad តាំងពីខែកក្កដា ឆ្នាំ ២០១៥ ក្រោយចាកចេញពីទឹកដី Anfield របស់ហង្សក្រហម Liverpool ដោយបង្ហាញខ្លួនចូលលេងបាន ៣០៧លើកគ្រប់ក្របខណ្ឌប្រកួតទាំងអស់ក្នុងនោះ គឺ ១៥ ដងក្នុងកំឡុងយុទ្ធនាការរដូវកាល ២០២១-២០២២ ។

កីឡាករវ័យ ២៦ ឆ្នាំរូបនេះទើបតែស៊ុតបញ្ចូលទីបាន ២ គ្រាប់ និង Assist ពីរគ្រាប់ប៉ុណ្ណោះសម្រាប់ក្រុមលោក Pep Guardiola នៅរដូវកាលនេះ ហើយរូបគេបានដើរតួនាទីជាកីឡាករបម្រុងដែលមិនធ្លាប់មាននៅក្នុងការប្រកួតក្នុងជំនួបរវាងក្លឹបរួមទីក្រុងទាំងពីរនេះកាលពីថ្ងៃសៅរ៍សប្តាហ៏មុន។ Barcelona គឺជាក្លឹបដែលត្រូវបានលើកឡើងពីការចង់ចុះហត្ថលេខានាំយក Sterling ក៏ព្រោះតែគ្រូបង្វឹកថ្មីលោក Xavi បានចាត់ទុករូបគេជាកីឡាករស្ថិតក្នុងបញ្ជីនាំយកមកកាន់ទឹកដី Camp Nou នៅដើមឆ្នាំ ២០២២ ។ប្រភពខាងលើបន្តថាៈ Barcelona ចង់យល់ព្រមលើកិច្ចព្រមព្រៀងខ្ចីជើងជាមួយ Man.City រួមបញ្ចូលជម្រើសនៃកិច្ចព្រមព្រៀងទិញផ្តាច់ជាអចិន្ត្រៃយ៍នៅរដូវក្តៅក្រោយ។

Sterling បង្ហាញខ្លួនលើកចុងក្រោយគឺរកបានគ្រាប់បាល់១គ្រាប់សម្រាប់លទ្ធផលជ័យជំនះ៤ទល់និង១របស់ Man City លើ Club Brugge ក្នុងក្របខ័ណ្ឌ Champions League កាលពីសប្តាហ៍មុន។

ប្រភព៖ Sportsmole