ខ្សែប្រយុទ្ធ Eden Hazard កំពុងបារម្ភពីបញ្ហារបួសរបស់គេ នឹងធ្វើឱ្យទម្រង់លេងធ្លាក់ចុះ ឬអាចនិយាយបានថានឹងមិនល្អដូចមុននោះទេ។
Hazard ត្រូវបានគេដឹងថាត្រូវវះកាត់កជើងរបស់ខ្លួនជាលើកទី៣នៅខែមីនាកន្លងទៅ ប៉ុន្តែដោយសារតែច្រើនដងពេក ទើបរូបគេជំនួសវិញដោយការសម្រាកព្យាបាលមិនវះកាត់។ ការធ្វើបែបនេះ នឹងជួបបញ្ហាច្រើន ពោលគឺរូបគេនឹងមិនអាចជាសះស្បើយ១០០%នោះទេ។ កជើងរបស់គេនឹងនៅតែឈឺដដែល នៅពេលប្រឹងរត់ខ្លាំង។
ក្រោយពីធូរស្បើយច្រើនមក ពេលនេះរូបគេទំនងជាអាចលេងជម្រើស១១នាក់ដំបូងឱ្យក្រុមបែលហ្សិកវិញបានហើយសម្រាប់ការប្រកួតជាមួយហ្វាំងឡង់នៅរាត្រីនេះ។ តែសាមីខ្លួន បានបង្ហាញអារម្មណ៍មុនប្រកួតថា៖ “ខ្ញុំមិនដែលសង្ស័យសមត្ថភាពខ្លួនឯងទេ ប៉ុន្តែខ្ញុំសង្ស័យចំពោះបញ្ហារបួសច្រើនពេករបស់ខ្លួន។ ខ្ញុំមិនដឹងទេថា ខ្ញុំនឹងអាចលេងបានល្អដូចមុនឬអត់។ ខ្ញុំមានបញ្ហាកជើង៣ដងមកហើយ ហើយខ្ញុំមិនដឹងទេថាវានឹងកើតមានឡើងទៀតឬយ៉ាងណា”៕
ប្រភព៖ Dailymail