ក្រុមមេឃខៀវ Manchester City បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Champions League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនក្រោមការដឹកនាំរបស់អ្នកចាត់ការ Pep Guardiola បន្ទាប់ពីយកឈ្នះ PSG ទាំងពីរជើង ៤-១។
ការប្រកួតជើងទី២យប់មិញនៅក្នុងផ្ទះរបស់ខ្លួន Man City បានទម្លាយសំណាញ់ទីរបស់ភ្ញៀវ PSG ២ គ្រាប់ ដោយមិនឲ្យគូប្រជែងតដៃបានសូម្បីមួយគ្រាប់ឡើយ។ គ្រាប់បាល់ទាំងពីរ នេះជាគុណសម្បត្តិរបស់កីឡាករតែម្នាក់គត់គឺ Riyad Mahrez ដែលរកបាននៅវគ្គទី ១ មួយគ្រាប់និងវគ្គទី ២ មួយគ្រាប់។ កាលពីជើងទី ១ នៅទឹកដីរបស់ PSG ក្រុមខ្លាំងរបស់អង់គ្លេសបានយកឈ្នះ ២-១ ដែលពេលនោះ Riyad Mahrez ក៏បាន ១ គ្រាប់ដែរដូច្នេះសរុបទាំងពីរជើងទទួលបាន ជ័យជម្នះ ដោយលទ្ធផល ៤-១។
ក្រៅពីរកគ្រាប់បាល់មិនបានហើយក្រុម ភ្ញៀវ PSG បាត់បង់កីឡាករម្នាក់ទៀតនៅវគ្គទី ២ បន្ទាប់ពីខ្សែបម្រើ Angel Di Maria ទទួលបានកាតក្រហមបណ្តេញចេញពីទីលាន។ វាជាកំណត់ត្រាប្រវត្តិសាស្ត្រលើកដំបូងរបស់ Manchester City ដែលបានឈានឡើងដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់កំពូលអឺរ៉ុប Champions League ពោលគឺរយៈពេល ១៤១ ឆ្នាំ បន្ទាប់ពីក្លឹបនេះត្រូវបានបង្កើតឡើងជាផ្លូវការនៅ ឆ្នាំ ១៨៨០។ Man City ក៏ជាក្លឹបមកពីអង់គ្លេសទី ១ ដែលបានឈ្នះ ការ ប្រកួត ៧ លើកជាប់គ្នានៅពានរង្វាន់ Champions League ឬ European Cup។ នៅវគ្គផ្តាច់ព្រ័ត្រ Man City នឹង ត្រូវជួបរវាងក្រុម Chelsea ឬ Real Madrid ដែលត្រូវប្រកួតជើងទី ១ នៅយប់នេះបន្ទាប់ពីប៉ះគ្នានៅជើងទី ១ ក្នុងលទ្ធផលស្មើ គ្នា ១-១៕