Lionel Messi របស់ក្រុមអ្នកមានបុណ្យ Barcelona បានបង្កើតកំណត់នៅលីគកំពូល La Liga ក្រោយរកបាន ២គ្រាប់ក្នុងជំនួបផ្តួលម្ចាស់ផ្ទះ Granada ក្នុងលទ្ធផល ៤-០ ខណៈមិត្តរួមក្រុមគឺខ្សែប្រយុទ្ធអន្តរជាតិបារាំង Antoine Griezmann រកបាន២គ្រាប់ក្នុងការប្រកួតកាលពីថ្ងៃសៅរ៍សប្តាហ៏មុន ។
គ្រាប់បាល់បញ្ចូល២គ្រាប់និងសរុប ១១ដង នៅរដូវកាល២០២០-២០២១ របស់ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីននិង Barcelona រូបនេះ នាំអោយរូបគេក្លាយជាកីឡាករដំបូងបំផុត ក្នុងប្រវត្តិសាស្ត្រ La Liga ដែលរកគ្រាប់បាល់បានលើសពី១១គ្រាប់ ក្នុងរយៈពេល ១៥ រដូវកាលជាប់ៗដែលលទ្ធផលនេះបានជម្រុញអោយក្រុមយក្សកាតាឡាន់ឡើងមកឈរនៅលេខ៣ក្នុងតារាង។
ម្ចាស់ពានរង្វាន់ Ballon d’Or ៦ សម័យកាលរូបនេះក៏បានបំបែកឯតទគ្គកម្មអធិរាជបាល់ទាត់ប្រេស៊ីល Pele ដែលរកគ្រាប់បាល់បានច្រើនបំផុតសម្រាប់ក្លឹបតែមួយ កាលពីខែធ្នូផងដែរ។
ប្រភព៖ Sportsmole