បរទេស៖ ខ្សែប្រយុទ្ធ Zlatan Ibrahimovic ទំនងជាត្រូវខកខានសម្រាប់ការប្រកួតរវាងក្រុមស្ថិតក្នុងទីក្រុង Milan ដូចគ្នានៅខែនេះក្រោយពិក្លិប AC Milan របស់គេ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា តារាឆ្នើមជើងចាស់សញ្ជាតិស៊ុយអែតរូបនេះ បានតេស្តឃើញលទ្ធផលជាវិជ្ជមានម្តងទៀតទៅលើវីរុសកូរ៉ូណា។
Ibrahimovic ដែលបានស្ថិតនៅដាច់ដោយឡែកពីគេកាលពី២សប្តាហ៍មុន នៅពេលដែលរូបគេបានតស្តឃើញលទ្ធផលវិជ្ជមានជាលើកដំបូងនោះ ត្រូវតែទទួលលទ្ធផលតេស្តអវិជ្ជមាន២លើក នៅមុនពេលរូបគេអាចវិលទៅកាន់ក្រុម AC Milan វិញ ខណៈដែលការប្រកួតបន្ទាប់របស់ពួកគេគឺការជួបគ្នាជាមួយនឹងក្រុម Inter Milan នាកីឡដ្ឋាន San Siro នៅថ្ងៃទី១៧ ខែតុលា។ ខ្សែការពារប្រេស៊ីល Leo Duarte ដែលការធ្វើតេស្តជាលើកចុងក្រោយរបស់គេ ក៏ចេញលទ្ធផលវិជ្ជមានដែរនោះ កំពុងតែស្នាក់នៅដាច់ដោយឡែកពីគេ។
ក្លិប AC Milan បានបញ្ជាក់ថា កីឡាករផ្សេងទៀតសុទ្ធសឹងមានលទ្ធផលតេស្តអវិជ្ជមាន។ ដំបូងឡើយ Ibrahimovic ទទួលបានលទ្ធផលតេស្តវិជ្ជមានជាលើកដំបូងកាលពីថ្ងៃទី២៤ ខែកញ្ញា ដែលធ្វើឲ្យរូបគេសរសេរនៅលើបណ្តាញសង្គម Twitter ថា៖ «កូវីដ ពិតជាក្លាហានមែនដែលហានប្រជែងជាមួយនឹងខ្ញុំ»។ ចាប់តាំងពីពេលនោះមក កីឡាករវ័យ៣៩ឆ្នាំរូបនេះ រូបគេបានបង្ហាញពីវីដេរបស់គេដែលកំពុងហ្វឹកហាត់នៅផ្ទះ៕
ប្រភពព័ត៌មាន៖ We are soccer