បន្ទាប់ពីឆ្លងកាត់ការធ្វើតេស្តិ៍រកមេរោគកូវីត-១៩ចំនួនពីរលើកក្នុងលទ្ធផលអវិជ្ជមានទីបំផុតប្រធានក្រុម អ្នកមានបុណ្យ Barcelona កីឡាករ Lionel Messi បានវិលត្រឡប់មកហ្វឹកហាត់ជួបជុំជាមួយមិត្តរួមក្រុមសាជាថ្មីវិញហើយកាល ពីថ្ងៃពុធ បន្ទាប់ពីរូបគេចំណាយពេលហ្វឹកហាត់តែម្នាក់ឯងរយៈពេល ២ ថ្ងៃកន្លងទៅ ដូចមិត្តរួមក្រុម Antoine Griezmann។
ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីនវ័យ៣៣ឆ្នាំរូបនេះត្រូវបានបណ្តាញសារពត៌មានថតពី សកម្មភាពហ្វឹកហាត់ជាមួយមិត្តរួមក្រុមក្រោមការបញ្ជាផ្ទាល់ពីអ្នកចាត់ការទូទៅថ្មីលោក Ronald Koeman ជាលើកដំបូងចាប់តាំងពីព្យាយាមចាកចេញពីក្លឹបក្រោយជួបរឿងដ៏ខកចិត្តកាលពីរដូវកាល ចាស់។
គួរកត់សម្គាល់ថា Messi មិនមែនជាកីឡាករតែម្នាក់ ដែលបានវិលត្រលប់មកចូលរួមហ្វឹកហាត់ជុំគ្នា ជាមួយមិត្តរួមក្រុមនោះទេ ពោលគឺមានកីឡាកដទៃទៀតមានដូចជាៈ Philippe Coutinho, Sergio Busquets និង Ansu Fati ក៏បានចូលរួមព្រមគ្នានាពេលនេះផងដែរ។ ក៏ព្រោះតែពួកគេទាំងនោះគឺ Philippe Coutinho បានវិលត្រឡប់ពីលក្ខណ្ឌខ្ចីជើងនៅក្លឹប Bayern Munich ខណៈ Busquets និង Ansu វិលត្រលប់មកពីបង្ហាញខ្លួនអោយអេស្បាញសម្រាប់កម្មវិធីប្រកួត Uefa Nation League។
ប្រភព៖ Sport.Es