បរទេស៖ លោក Ole Gunnar Solskjaer ពិតជាចង់ឲ្យក្រុម Manchester United បញ្ចប់រដូវកាលដែលរងគ្រោះដោយសារតែវីរុសកូរ៉ូណា តាមរយៈការឈ្នះពានក្របខ័ណ្ឌ Europa League ដោយលោកចាត់ទុកថា ជាពេលវេលាដ៏មានមោទនភាពបំផុតក្នុងជីវិតរបស់លោក។
Man Utd បានធ្វើដំណើរទៅកាន់ទឹកដីអាល្លឺម៉ង់ កាលពីថ្ងៃអាទិត្យ ដើម្បីធ្វើការប្រកួតវគ្គ៨ក្រុមចុងក្រោយនៅរាត្រីនេះ ជាមួយនឹងក្រុមរបស់ដាណឺម៉ាក FC Copenhagen ខណៈដែលលោក Solskjaer សង្ឃឹមថា អាចឈ្នះពាននៅថ្ងៃទី២១ ខែសីហា ខាងមុខ។ ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដ៏ស្វិតស្វាញ ក៏អាចកើតឡើងផងដែរ ដោយពួកគេអាចនឹងត្រូវប៉ះជាមួយនឹងក្រុម Sevilla។ ក្រោយពីបានឈានទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងយុទ្ធនាការ២រួចជាស្រេចនៅរដូវកាលនេះ មុននឹងចាញ់ក្រុម Manchester City ក្នុង League Cup និង Chelsea ក្នុង FA Cup គ្រូបង្វឹកសញ្ជាតិន័រវែសរូបនេះ ចង់ឲ្យក្រុមខ្លួនឈានទៅវគ្គផ្តាច់ព្រ័ត្រ។ លោក Solskjaer បានឲ្យដឹងថា៖ «ខ្ញុំគឺជាមនុស្សមានហិច្ឆតា ហើយសុបិនមួយក្នុងចំណោមសុបិនរបស់ខ្ញុំ គឺការលើកពាននេះ ក្នុងនាមជាអ្នកចាត់ការទូទៅរបស់ក្លិបនេះ។
ការឈ្នះពាននឹងក្លាយជាវេលាដ៏មានមោទនភាពបំផុតក្នុងជីវិតរបស់ខ្ញុំ»។ គ្រូបង្វឹកវ័យ៤៧ឆ្នាំរូបនេះ បានឈ្នះពានក្របខ័ណ្ឌ Premier League ៦លើក ពាន FA Cup ២លើក និងពានក្របខ័ណ្ឌ ChampionsLeague ១លើក ក្នុងនាមជាកីឡាករ និងបានស៊ុតបាល់បញ្ចូលទីក្នុងពេលក្រុមខ្លួនឈ្នះពាន៣ក្នុងរដូវកាលតែមួយ៕
ប្រភពព័ត៌មាន៖ Channel News Asia