ក្រុម Barcelona បានរក្សាក្តីសង្ឃឹមនៃការប្រជែងដណ្តើមពានរបស់ខ្លួន និងបានធ្វើឲ្យក្រុម Espanyol ត្រូវកាត់ចេញកាលពីថ្ងៃពុធ ខណៈដែលគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ខ្សែប្រយុទ្ធ Luis Suarez បានផ្តល់ជ័យជម្នះក្នុងការប្រកួតរវាងក្រុមស្ថិតក្នុងតំបន់ Catalonia ដូចគ្នា ក្នុងក្របខ័ណ្ឌ La Liga។
ការប្រកួតដ៏ស្វិតស្វាញ និងភាពក្តៅគគុកនាកីឡដ្ឋាន Camp Nou នៅនាទី ទី៦ នៅដើមតង់ទី២ ខណៈដែលកីឡាករ Ansu Fati និង Pol Lozanoបានរងពិន័យកាតក្រហម ដែលនាំឲ្យ ក្រុមទាំង២ នៅសល់សមាជិក១០នាក់ដូចគ្នា នៅមុនពេល Suarez រកបានគ្រាប់បាល់បំប៉ោងសំណាញ់ទី។ Suarez បានទទួលបាល់ពីការបញ្ជូនបាល់យ៉ាងល្អឥតខ្ចោះរបស់ខ្សែប្រយុទ្ធ Antoine Griezmann ដែលបានឆ្កិះបាល់ទៅឲ្យ Lionel Messi ដើម្បីស៊ុតបាល់សំដៅទី ខណៈដែល Suarez ជាអ្នកបន្ថែមឲ្យបាល់ចូលទី។
ការដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ១-០ នេះ បានកើតឡើង ដោយពួកគេមិនបានបង្ហាញទម្រង់លេងយ៉ាងល្អដូចក្នុងពេលផ្តួលក្រុម Villarreal ក្នុងលទ្ធផល ៤-១ កាលពីថ្ងៃអាទិត្យឡើយ ប៉ុន្តែ លទ្ធផលនេះ បានជួយឲ្យក្រុម Barca មាន១ពិន្ទុតាមពីក្រោយក្រុម Real Madrid ដែលនឹងត្រូវប៉ះក្រុម Alaves លើទឹកដីខ្លួនឯង នៅរាត្រីនេះ។ Espanyol ដែលស្ថិតនៅបាតតារាង នឹងត្រូវកាត់ចេញ ដោយពួកគេបានដេញតាមពីក្រោយក្រុមមានសុវត្ថិភាពដល់ទៅ១១ពិន្ទុ ខណៈដែលនៅសល់ការប្រកួតត្រឹមតែ៣លើកទៀត៕
ប្រភពព័ត៌មាន៖ Channel News Asia
វីដេអូ៖