តារាឆ្នើមម្នាក់ក្នុងចំណោមតារាឆ្នើមដែលទើបនឹងរះយ៉ាងឆាប់រហ័សបំផុតក្នុងពិភពលោកកីឡាបាល់ទាត់ នឹងត្រូវជួបជាមួយនឹងអ្នករកគ្រាប់បាល់បញ្ចូលទីដ៏ជោគជ័យបំផុតម្នាក់ នៅរាត្រីនេះ នៅពេលដែលខ្សែប្រយុទ្ធ Erling Braut Haaland និង Robert Lewandowski ជួបគ្នាជាលើកដំបូង។
ក្រុម Borussia Dortmund នឹងត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុម Bayern Munich ដែលកំពុងតែនាំមុខលើតារាង Bundesliga ក្នុងការប្រកួតរវាងក្រុមស្ថិតនៅលើកំពូលតារាងដូចគ្នា ខណៈដែល Haaland វ័យ១៩ឆ្នាំ និងខ្សែប្រយុទ្ធដ៏មុតស្រួចដែលមានអាយុបងរូបគេដល់ទៅ១២ឆ្នាំ នឹងព្យាយាមរក្សាទម្រង់លេងដ៏គួរឲ្យកត់សម្គាល់របស់ខ្លួន។
ទាំងកីឡាករ២ បានស៊ុតបាល់បញ្ចូលទី៤១គ្រាប់ ក្នុងការប្រកួត៣៥លើក ក្នុងរាល់យុទ្ធនាការទាំងអស់ នៅរដូវកាលនេះ បើទោះបី Haaland ទើបតែបានចូលរួមជាមួយនឹង Dortmund កាលពីខែមករា ពីក្លិបអូទ្រីស Red Bull Salzburg ក៏ដោយ។ គ្រូបង្វឹករបស់ក្រុម Bayern លោក Hansi Flick ដែលក្រុមរបស់លោកកំពុងតែនាំមុខ៤ពិន្ទុដាច់លើក្រុម Dortmund ជឿជាក់ថា ការប្រៀបធៀបយ៉ាងយកចិត្តទុកដា រវាងកីឡាករទាំង២ហាក់ដូចជាឆាប់ពេកហើយ ប៉ុន្តែ បានទទួលស្គាល់ពីសមត្ថភាពដ៏អស្ចារ្យរបស Haaland។
គ្រូបង្វឹករូបនេះ បានឲ្យដឹងថា៖ «Haaland កំពុងតែស្ថិតក្នុងរដូវកាលទី១របស់គេ ប៉ុន្តែ Robert បានលេងក្នុងកម្រិតកំពូលអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ប៉ុន្តែ Haaland មានទេពកោសល្យដ៏អស្ចារ្យ»។ នៅមុនពេល Champions League បានផ្អាកកាលពីខែមីនា ដោយសារតែវីរុសកូរ៉ូណា Haaland គឺជាកីឡាករទី២បន្ទាប់ពី Lewandowski នៅលើតារាងអ្នករកបានគ្រាប់បាល់ច្រើនជាងគេក្នុងយុទ្ធនាការនេះ ក្រោយពីរកបាន១០គ្រាប់ ខណៈ Lewandowski រកបាន១១គ្រាប់៕
ប្រភពព័ត៌មាន៖ Channel News Asia