លោក Zinedine Zidane បាននិយាយថា ក្រុម Real Madrid ពិតធ្លាក់ចុះទម្រង់លេង ប៉ុន្តែ មិនទាន់ធ្លាក់ចេញពីក្របខ័ណ្ឌ Champions League នៅឡើយទេ ប៉ុន្តែ អ្វីដែលជាការពិតនោះគឺថា រដូវកាលរបស់ពួកគេ អាចនឹងត្រូវបញ្ចប់ទាំងស្រុងនៅខែមីនា ក្នុងរយៈពេល២ឆ្នាំជាប់ៗគ្នា ប្រសិនបើពួកគេមិនអាចដណ្តើមបានជ័យជម្នះក្នុងការប្រកួត Clasico នៅថ្ងៃអាទិត្យ ទេនោះ។
ក្នុងរយៈពេលច្រើនជាងពាក់កណ្តាលសតវត្សរ៍នៃការលេងក្នុងក្របខ័ណ្ឌកំពូលអឺរ៉ុប ក្រុម Real មិនធ្លាប់បានស្រោចស្រង់ការរងបរាជ័យក្នុងការប្រកួតជើងទី១ នៅលើទឹកដីខ្លួនឯង ដើម្បីទៅវគ្គបន្តឡើយ ហើយពួកគេត្រូវជួបការងារដ៏ធំមួយ នៅពេលដែលធ្វើដំណើរទៅជួបក្រុម Manchester City នាកីឡដ្ឋាន Etihad នៅថ្ងៃទី១០ ខែមីនា។
លោក Zidane បានឲ្យដឹងថា៖ «យើងដឹងពីស្ថានភាពនេះ។ យើងត្រូវតែទៅទីនោះ និងឈ្នះការប្រកួត»។ ជាមួយគ្នានេះ លោក Pep Guardiola គ្រូបង្វឹករបស់ក្រុម Man City បានទទួលស្គាល់ថា៖ «ប្រសិនបើមានក្រុមមួយដែលអាចធ្វើបាន ជាមួយនឹងប្រវត្តិសាស្ត្រ និងបទពិសោធរបស់ពួកគេ ក្រុមនោះគឺជាក្រុម Real Madrid»។
ប៉ុន្តែ ទោះបីការរងបរាជ័យ ២-១ នៅតែអាចស្រោចស្រង់បានក៏ដោយ ការដេញតាមពីក្រោយក្រុម Barcelona ចំនួន៥ពិន្ទុនៅលើតារាងក្របខ័ណ្ឌ La Liga ប្រហែលជាមិនអាចស្រោចស្រង់បានឡើយ ប្រសិនបើក្រុម Zidane ទទួលបានលទ្ធផលខកចិត្ត និងបណ្តោយឲ្យមានការរងបរាជ័យ៣លើកជាប់ៗគ្នា នៅសប្តាហ៍នេះ៕
ប្រភពព័ត៌មាន៖ Channel News Asia