Real Madrid បានបញ្ចាក់ប្រាប់ថាកីឡាករ Dani Carvajal និងត្រលប់មកជួយក្រុមក្នុងជំនួប El Clasico ទល់នឹង Barcelona នៅថ្ងៃទី ២៤ ខែតុលាខាងមុខនេះយោងគេហទំព័រអេស្បាញ Marca បានចុះផ្សាយ។បច្ចុប្បន្នកីឡាករវ័យ ២៩ ឆ្នាំរូបនេះកំពុងតស៊ូជម្នះនិងបញ្ហារបួសកំភួនជើងហើយនឹងត្រូវអវត្តមានជាថ្មីម្តងទៀត សម្រាប់ការប្រកួតនៅក្របខ័ណ្ឌ Champions League ជាមួយក្រុម Shakhtar Donetsk នៅសប្តាហ៍ក្រោយ។

ខ្សែការពារស្លាបស្តាំដ៏មានបទពិសោធន៏រូបនេះ បានចាប់ផ្តើមយុទ្ធនាការឆ្នាំ ២០២១-២២ ក្នុងទម្រង់ដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់ក្រុមរបស់លោក Carlo Ancelotti ដោយស៊ុតបញ្ចូលទីបាន ១ ដងក្នុងការបង្ហាញខ្លួន ៥ លើកក្នុងការប្រកួតទាំងអស់។

កីឡាករអន្តរជាតិអេស្ប៉ាញរូបនេះបង្ហាញខ្លួនបាន ៣០០ ប្រកួតសម្រាប់ក្រុមអធិរាជស នៅក្នុងការប្រកួតទាំងអស់ហើយសង្ឃឹមថានឹងដើរតួនាទីដ៏សំខាន់សម្រាប់ក្រុមលោក Carlo Ancelloti សម្រាប់ការប្រកួតនៅទឹកដី Camp Nou ។ យ៉ាងណាមិញ Real Madrid និងត្រូវប្រកួតជាមួយក្រុម Athletic Bilbao សម្រាប់ក្របខណ្ឌ La Liga នៅថ្ងៃអាទិត្យនេះប៉ុន្តែការប្រកួតត្រូវបានពន្យារពេលដោយសារកាលវិភាគនៃការប្រកួតជម្រុះ World Cup ២០២២នៅតំបន់អាមេរិកខាងត្បូង។

ប្រភព៖ Sportsmole