ពានរង្វាន់ Champions League កាលពីយប់មិញ ក្រុម Juventus បានចាញ់ម្ចាស់ផ្ទះ Lyon ក្នុងលទ្ធផល ១ទល់នឹង០ ដែលគ្រាប់បាល់នេះរកបានដោយកីឡាករ Lucas Tousart នៅវគ្គ១៦ក្រុម ជើងទី១ នៅកីឡដ្ឋាន Groupama ក្រោមក្រសែភ្នែកអ្នកគាំទ្រជាង៥ម៉ឺននាក់។
អ្វីដែលគួរឲ្យចាប់អារម្មណ៍សម្រាប់ការប្រកួតនោះ ខ្សែការពារតម្លៃខ្លួនថ្លៃ Matthijs de Ligt របស់ Juventus បានរងរបួសបែកក្បាល និងឈាមហូរស្រោចពេញខ្លួន ក្រោយលោតប្រជែងបាល់ និងធ្លាក់មកវិញមានការប៉ះទង្គិចគ្នា។
យ៉ាងណាមុិញជម្រើសជាតិហូឡង់ de Ligt មិនត្រូវបានផ្លាស់ប្ដូរចេញនោះទេ ក្រោយរុំរបួសរួច គេបានចូលលេងវិញ និងលេងពេញ៩០នាទីតែម្ដង។
ស្ថិតិនៃការប្រកួតវិញ Juventus ហាក់មានឱកាសច្រើនជាង ដោយគ្រប់គ្រងបាល់ ៦១% និងមានឱកាសទាត់ទីដល់ទៅ១១លើក ប៉ុន្តែចំគោលដៅ១លើកប៉ុណ្ណោះ ខណៈ Lyon មានឱកាសទាត់ទី៩លើក និងចំគោលដៅ៣លើក៕