លោក Pep Guardiola បានដាស់តឿនដល់កីឡាកររបស់ក្រុម Manchester City ថា Real Madrid មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញការវាយបកមួយក្នុងក្របខ័ណ្ឌ Champions League ក្រោយពីការដណ្តើមជ័យជម្នះ ២-១ ក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយ ជើងទី១សម្រាប់ក្រុមម្ចាស់ជើងឯកអង់គ្លេសរូបនេះ នៅកីឡដ្ឋាន Santiago Bernabeu។

Man City បានស៊ុតបាល់បញ្ចូលទី២គ្រាប់នៅរយៈ១២នាទីចុងក្រោយ តាមរយៈកីឡាករ Gabriel Jesus និង Kevin de Bruyne ដើម្បីផ្តួលក្រុមម្ចាស់ជើងឯក១៣សម័យកាលមួយនេះ ជាលើកទី១ក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ។

Real Madrid ក៏នឹងត្រូវអវត្តមានប្រធានក្រុម Sergio Ramos សម្រាប់ការប្រកួតជើងទី២ ផងដែរ ក្រោយពីរូបគេបានរងពិន័យកាតក្រហម នៅជិតបញ្ចប់ការប្រកួត សម្រាប់ការប្រព្រឹត្តកំហុសលើ Jesus ប៉ុន្តែលោក Guardiola មានការព្រួយបារម្ភទៅលើប្រវត្តិសាស្ត្រនៃការបំពេញការវាយបករបស់ក្រុម Real ក្នុងក្របខ័ណ្ឌ Champions League។

លោក Guardiola បានប្រាប់ទូរទស្សន៍ BT Sport ថា៖ «វាគ្រាន់តែផ្នែកទី១ប៉ុណ្ណោះ វាមិនមែនជាការដណ្តើមបាន៣ពិន្ទុឡើយ។ ប្រសិនបើក្រុមមួយ អាចជម្នះលើស្ថានភាពនេះ បើតាមបទពិសោធ វាគឺជាក្លិបនេះ ប៉ុន្តែ ពិតណាស់ វាជាលទ្ធផលដ៏ល្អមួយ។ ខ្ញុំពិតជាមានមោទនភាព ប៉ុន្តែ វាជាការបោះជំហានទី១ប៉ុណ្ណោះ ព្រោះយើងមានការប្រកួតមួយទៀត។ វាមិនទាន់ចប់ឡើយ»៕

ប្រភពព័ត៌មាន៖ Channel News Asia