លោក Thomas Tuchel បានពណ៌នាមុនជំនួបជើងទី១ក្របខណ្ឌ Champions League ជាមួយក្រុមអធិរាជស Real Madrid ក្នុងការ ប្រកួតក្របខ័ណ្ឌ Champions League វគ្គ១/៤ ផ្តាច់ព្រ័ត្រថាជា ឱកាសពិសេសមួយ ។គួរបញ្ជាក់ថាគឺជារដូវកាលទី ២ ជាប់ៗគ្នា ដែលក្រុមទាំងពីរជួបគ្នាក្នុងវគ្គនេះ ខណៈ Chelsea បានយកឈ្នះ មុនពេលលើកពានកាលពីឆ្នាំមុន។

បើទោះបីក្នុងនាមក្រុមការពារតំណែងជើងឯក Champion League ប៉ុន្តែគ្រូបង្វឹកអាឡឺម៉ង់រូបនេះបានលើកឡើងថាៈ Real Madrid គឺជាក្លឹបដ៏អស្ចារ្យដែលធ្លាប់មានប្រវត្តិឈ្នះពាននេះ៣រដូវកាលជាប់ៗគ្នានៅរយៈពេល១០ឆ្នាំចុងក្រោយនេះ។ពួកគេគឺជាគូប្រជែងដ៏ពិសេសនៅមុនការប្រកួតនៅកីឡដ្ឋាន Stamford Bridge នារាត្រីថ្ងៃពុធឈានចូលថ្ងៃព្រហស្បត្ត៏ស្អែកនេះ។ ហើយវាជាការប្រកួតដ៏លំបាកនិងជាដៃគូបដិបក្សដ៏ស្វិតស្វាញ។អតីតគ្រូបង្វឹក PSG បន្តថាៈ ពួកគេគឺជាក្រុមដែលប្រកបដោយគុណភាព ភាពប៉ិនប្រសប់ និងបទពិសោធន៍ដែលមិនអាចមើលស្រាលបានប៉ុន្តែជាឱកាសមួយសម្រាប់ពួកយើងហើយនោះជាមូលហេតុដែលយើងរំភើបក្នុងការប្រកួត។

Chelsea បច្ចុប្បន្នមាន១៤ ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Premier League គឺ Manchester City ខណៈ Real Madrid មាន ១២ ពិន្ទុដាច់នៅលើកំពូលតារាង La Liga បន្ទាប់ពី Sevilla ។

ប្រភព៖ Sportsmole