គ្រូបង្វឹកបណ្ដោះអាសន្ន Man. Utd លោក Ralf Rangnick នឹងនៅតែដាក់បញ្ចូលកីឡាករ Cristiano Ronaldo នៅក្នុងជម្រើស១១នាក់ដំបូងសម្រាប់ជំនួបក្លឹបរួមទីក្រុង នៅថ្ងៃអាទិត្យជាមួយម្ចាស់ផ្ទះ Man. City ។ គួរបញ្ជាក់ថាខ្សែប្រយុទ្ធស្លាបក្រុមជម្រើសជាតិ ព័រទុយហ្គាល់រូបនេះរកបានគ្រាប់បាល់បញ្ចូលទីតែមួយគ្រាប់គត់ក្នុងក្របខ័ណ្ឌ Premier League ចាប់តាំងពីចុងខែធ្នូ ហើយបានខកខានឱកាសជាច្រើនក្នុងការផ្តួល Watford កាលពី ចុងសប្តាហ៍មុន ។
គេហទំព័រ The Sun បានលើកឡើងថាៈម្ចាស់ពានបាល់មាស៥សម័យនៅតែមានជាកីឡាករដែលគ្រូបង្វឹកផ្តល់តម្លៃ សម្រាប់ការលេងនៅតំបន់ប្រយុទ្ធជួរមុខ និងបង្កើនការគាំទ្រនៅចំណុចបម្រើកណ្តាល បើទោះបីជាBruno Fernandes បានបំពេញតួនាទីនេះបានយ៉ាងល្អនៅប៉ុន្មានប្រកួតចុងក្រោយក៏ដោយ។ Ronaldo បច្ចុប្បន្នមានវ័យ ៣៧ ឆ្នាំរូបនេះស៊ុតបញ្ចូលទី ១៥ដងក្នុងការបង្ហាញខ្លួន ៣០លើកអោយ Man United ក្នុងរដូវកាលនេះ ក្នុងនោះ៩ គ្រាប់ក្នុងការប្រកួតក្របខ័ណ្ឌ Premier League ចំនួន ២៣ប្រកួត មុនពេលរកបានគ្រាប់បាល់ចុងក្រោយជាមួយ Brighton & Hove Albion នៅថ្ងៃទី ១៥ ខែកុម្ភៈ។
Ronaldo មានកិច្ចសន្យានៅ Old Trafford រហូតដល់ខែមិថុនា ឆ្នាំ ២០២៣ក្រោយចូលរួមជាមួយ Man.Utd កាលពីដើមរដូវកាល ។ ទោះយ៉ាងណាមានពត៌មាននៅតែបន្តចុះផ្សាយពីអនាគតដ៏ស្រពេចស្រពិលរបស់ Ronaldo ថានិងដើរចាកចេញពីក្លឹបនៅចុងបញ្ចប់នៃរដូវកាលនេះ ប្រសិនជាក្លឹបមិនមានឪកាសជាប់ Top-៤ ដើម្បីមានកៅអីលេងនៅក្របខណ្ឌ Champions League រដូវកាលថ្មី។
ប្រភព៖ Sportsmole