លោក Jose Mourinho បានច្រានចោលការវិលត្រឡប់មកកាន់ក្របខ័ណ្ឌ Premier League វិញជាមួយឪកាសដឹកនំាក្រុមអ្នកមានជំនាន់ថ្មីគឺសារិកាព្រៃ Newcastle United បើទោះបីជាបុរសសញ្ជាតិព័រទុយហ្គាល់រូបនេះសារភាពថាលោកមានទំនាក់ទំនងល្អ ជាមួយក្លឹបយ៉ាងណាក៏ដោយ។ បច្ចុប្បន្នក្រុមដែលកំពុងដឹកនាំដោយលោក Steve Bruce ទើបតែបញ្ចប់ការដឹកនាំក្លឹបប្រកួតលើកទី១.០០០ ពេលបរាជ័យចាញ់ Tottenham ៣ទល់និង២ កាលពីចុង សប្តាហ៍មុន ប៉ុន្តែបុរសវ័យ ៦០ ឆ្នាំរូបនេះកំពុងប្រឈមអនាគតនៅតែមិនច្បាស់លាស់ជាមួយម្ចាស់ក្លឹបថ្មីមកពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
លោក Mourinho កាលពីពេលថ្មីៗនេះគឺជាបេក្ខភាពដ៏មានសក្តានុពលដើម្បីចូលមកដឹកនាំនៅកីឡាដ្ឋាន St James ‘Park ទោះយ៉ាងណាអតីតគ្រូបង្វឹក Chesea, Inter Milan, Real Madrid និង Man.Utd រូបនេះ បញ្ជាក់ថាគាត់ផ្តោតអារម្មណ៍យ៉ាងខ្លាំងលើការងារដឹកនាំក្រុម Roma នៅលីកកំពូលអ៊ីតាលី Serie A ក្រោយពីរូបលោកចែកផ្លូវគ្នាជាមួយក្រុម Tottenham កាលពីរដូវក្តៅនេះ។
លោក Mourinho បានប្រាប់ អ្នកសារព័ត៌មានមុនពេល Roma ចាញ់ Juventus កាលពីថ្ងៃអាទិត្យ យ៉ាងដូច្នេះថា។រឿងតែមួយគត់ដែលខ្ញុំអាចនិយាយបានគឺថាអស់ជាច្រើនឆ្នាំមកហើយដែលខ្ញុំបានធ្វើការជាមួយឥស្សរជនដ៏សំខាន់បំផុតម្នាក់នៅក្នុងប្រវត្តិសាស្ត្រញូវខាសលគឺលោក Sir Boby Robson ដូច្នេះដោយសារខ្ញុំតែងតែមានទំនាក់ទំនងផ្លូវចិត្តជាមួយក្លឹបនិងអ្នកគាំទ្រប៉ុន្តែវាគ្មានអ្វីលើសពីនេះទេ ។គួររំលឹកថាលោក Mourinho ធ្លាប់ធ្វើជាជំនួយការបកប្រែអោយអតីតគ្រូបង្វឹក Newcastle លោក Robson កំឡុងពេលដែលរូបលោកធ្លាប់ដឹកនាំ Sporting Lisbon, Porto និង Barcelona។
ប្រភព៖ Sportsmole