សាជាថ្មីម្តងទៀតក្រុមមេឃខៀវ Man. City នៅតែមិនបោះបង់ការចរចារចុះហត្ថលេខានាំយក Harry Kane ខណៈក្លឹប កំពុងរៀបចំសំណើរសាជាថ្មីនៅក្នុងរង្វង់ទឹកប្រាក់ប្រមាណ ១២៧ លានផោនសម្រាប់ខ្សែប្រយុទ្ធក្រុមមាន់ខ្នាយមាស Tottenham Hotspur រូបនេះ ។ គួរបញ្ជាក់ថាប្រធានក្រុមជម្រើសជាតិអង់គ្លេសវ័យ ២៨ ឆ្នាំនៅតែមានបំណង ចង់ស្វែងរកការប្រកួតប្រជែងថ្មី និងបានបញ្ជាក់ប្រាប់ក្លឹប Tottenham ថាខ្លួនចង់ផ្លាស់ទៅកាន់កីឡាដ្ឋាន Etihad ស្របពេលគ្រូបង្វឹកលោក Pep Guardiola នៅតែមានបំណងចង់បានរូបគេមករួមក្រុមសម្រាប់ការប្រកួតរដូវកាលថ្មីដែលនិងចាប់ផ្តើមនៅថ្ងៃសៅរ៏ស្អែកនេះ ។
បើទោះបីជាទើបតែបានចំណាយប្រាក់ ១០០ លានផោនបំបែកកំនត់ត្រានាំយក Jack Grealish មករួមក្រុម ក្លឹបក៏នៅតែមានផែនការដេញថ្លៃនៅទឹកប្រាក់តម្លៃបំបែកកំនត់ត្រាខាងលើដោយសង្ឃឹមថានិងបញ្ចុះបញ្ចូលក្លឹប Spurs ឱ្យលក់តារាឆ្នើមរបស់ពួកគេ។ ប្រភពពីអ្នកកាសែតអ៊ីតាលីដ៏ល្បីល្បាញលោក Fabrizio Romano បានអះអាងថាអ្នកចាត់ការទូទៅថ្មីលោក Nuno Espirito Santo នៅតែមានគម្រោងរក្សាទុកកីឡាករដ៏សំខាន់រូបនេះទោះបី Kane មិនទាន់បានមកចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុមដើម្បីត្រៀមប្រកួតរដូវកាលថ្មីដែលនិងចាប់ផ្តើមនៅថ្ងៃស្អែកក៏ដោយ។
មានន័យថា Kane និងចូលរួមជាមួយ Tottenham នៅថ្ងៃសុក្រនេះប្រសិនជារូបគេ ធ្វើតេស្តកូវីត-១៩អវិជ្ជមាន ហើយនិងត្រូវតម្រូវអោយ ហ្វឹកហាត់នៅដាច់ដោយឡែកបន្ទាប់ពីថ្ងៃឈប់សម្រាករបស់ខ្លួននៅបាហាម៉ាសរួចមក។
ប្រភព៖ Sportsmole