អ្នកចាត់ការទូទៅក្រុមអធិរាជស Real Madrid លោក Carlo Ancelloti ចង់បានខ្សែប្រយុទ្ធឆ្នើម Mohamed Salah របស់ក្រុមហង្សក្រហម Liverpool មករួមក្រុមជំនួសវិញប្រសិនដំណើរការនៃកិច្ចព្រមព្រៀងចរចារផ្ទេរយក Kylian Mbappe ពីក្លឹប PSG មិនទទួលបានជោគជ័យជាផ្លែផ្កានោះទេ។គួរបញ្ជាក់ថាវីរបុរសដែលបានជួយអោយក្រុមមាន់គកបារាំងលើកពាន World Cup ២០១៨រូបនេះនៅឡើយមិនទាន់បន្ត កិច្ចព្រមព្រៀងថ្មីជាមួយក្លឹបនៅឡើយទេ ស្របពេលកិច្ចសន្យាចាស់របស់ខ្លួនមានសុពលភាពនៅពេលបញ្ចប់រដូវកាលថ្មីខាងមុខនេះ។ មានន័យថា Mbappe និងក្លាយជាកីឡាករដែលអាចផ្ទេរចេញដោយគ្មានតម្លៃខ្លួនក្រោមរយៈពេល ១២ ខែទៀត។
ដោយមើលឃើញពី បញ្ហាប្រឈមដូច្នេះ PSG និងពិចារណាលើសំណើរណាមួយដែលក្លឹបធំៗចង់បានកីឡាករសំខាន់របស់ខ្លួនរូបនេះទៅរួមក្រុមជៀសវាងបាត់បង់រូបគេដោយគ្មានតម្លៃខ្លួន។ រីឯខ្សែប្រយុទ្ធអន្តរជាតិអេហ្សីបវិញកន្លងមកធ្លាប់បាន បដិសេធផ្លាស់ទៅកាន់ Real Madrid ឬ Barcelona ស្របពេលកីឡាករវ័យ ២៩ ឆ្នាំរូបនេះបាននិងកំពុងពិភាក្សាក្នុងការបន្តកុងត្រារថ្មីលើកិច្ចសន្យាចាស់ដែលនិងផុតកំណត់នៅឆ្នាំ ២០២៣ខាងមុខនេះ។ យ៉ាងណាមិញ Liverpool បច្ចុប្បន្នក៏កំពុងពិចារណាលើកីឡាករខ្សែបម្រើ-ស្លាបអន្តរជាតិ អ៊ីតាលី Domenico Berardi បន្ទាប់ពីរូបគេបង្ហាញទម្រង់លេងបានល្អបំផុតនៅព្រឹត្តការណ៏ Euro ២០២០ កន្លងទៅ ។
Salah បានបញ្ចប់យុទ្ធនាការរដូវកាលចាស់ ២០២០-២០២១ ដោយរកបាន៣១ គ្រាប់និងបង្កើតឪកាស៦លើកគ្រប់ក្របខណ្ឌប្រកួតទាំងអស់ ។ម៉្យាងវិញទៀត ក្រៅពីមិនទាន់ឆ្លើយតបការចាប់អារម្មណ៏ពីសំណាក់ក្លឹប Real Madrid កន្លងមក Liverpool ក៏បានបដិសេធមិនអនុញ្ញាតិអោយ Salah ចូលរួមជាមួយក្រុមជម្រើសជាតិអេហ្សីបលើដំណើរការ ប្រកួតកីឡាករ អូឡាំពិកនៅទីក្រុងតូក្យូប្រទេសជប៉ុននាពេលឆាប់ៗខាងមុខនេះផងដែរ។
ប្រភព៖ Sportsmole