ទីបំផុតលោក Jonathan Barnett ដែលជាភ្នាក់ងាររបស់កីឡាករ Gareth Bale បានបញ្ជាក់ច្បាស់សាជាថ្មីថាក្រុមមាន់ខ្នាយមាស Tottenham មិនមានជម្រើសក្នុងការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធចាស់វស្សារូបនេះមករួមក្រុមរបស់ពួកគេនៅនៅរដូវក្តៅខាងមុខទេ។ គួរបញ្ជាក់ថាកីឡាករវ័យ ៣១ ឆ្នាំរូបនេះបានចំណាយពេល១រដូវកាលចុងក្រោយលេងក្នុងលក្ខខណ្ឌខ្ចីជើងនៅអតីតក្លឹប ដែលមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៍ដោយស៊ុតបញ្ចូលទីបាន ១៦ គ្រាប់ពីការបង្ហាញខ្លួន ៣៤ លើកគ្រប់ក្របខណ្ឌប្រកួតទាំងអស់។

ការរំពឹងទុកនៅតែបន្តថាសម្រាប់ប្រធានក្រុមជម្រើសជាតិ វេលស៍រូបនេះ ថានិងអាចវិលត្រឡប់ទៅកាន់ក្លឹបដែលធ្លាប់ជួយអោយរូបគេល្បីល្បាញបើទោះបីជាកីឡាករវ័យ៣១ឆ្នាំរូបនេះ មានកិច្ចសន្យា តែមួយឆ្នាំទៀតប៉ុណ្ណោះនៅកីឡាដ្ឋាន Santiago Bernabeu ។ទោះយ៉ាងណាលោក Barnett ទទួលស្គាល់ថាម្ចាស់ជើងឯក Champions League ២០សម័យមិនមានកាតព្វកិច្ចបំពេញតាមការសន្យាដើម្បីអនុញ្ញាត ឱ្យខ្សែប្រយុទ្ធរូបនេះចំណាយពេលមួយរដូវទៀតនៅក្របខណ្ឌ Premier League ឡើយ។

លោក Barnett បន្តថាៈ ដូចដែលខ្ញុំបាននិយាយតាំងពីដំបូងមកគឺគ្មានជម្រើសទេ។ Bale មិនមានកិច្ចព្រមព្រៀងអ្វីទាំងអស់។ គាត់ស្ថិត នៅក្រោមកិច្ចសន្យាជាមួយ Real Madrid វិញខណៈដែលលោក Carlo Ancelotti បានវិលត្រឡប់មកដឹកនាំក្រុមឡើងវិញ នោះរូបគេ និងមានឪកាសបង្ហាញខ្លួនចូលលេងជាប់លាប់សម្រាប់ពេលវេលាដែលនៅសល់ជាមួយក្លឹប។

ប្រភព៖ Sportsmole