ក្រុមតោខៀវ Chelsea បានប្តេជ្ញានាំយក Raphael Varane ពីក្រុមអធិរាជស Real Madrid មកកាន់កីឡាដ្ឋាន Stamford Bridge អំឡុងពេលទីផ្សារដោះដូរកីឡាករនិងបើកនៅរដូវក្តៅនេះ។កិច្ចព្រមព្រៀងបច្ចុប្បន្នរបស់ខ្សែការពារកណ្តាលរូបនេះជាមួយក្រុមជើងឯក​ Champions League ១៣សម័យ និងត្រូវផុតកំនត់នៅបញ្ចប់រដូវកាលឆ្នាំក្រោយ ខណៈមានពត៌មានលើកឡើងថា Varane អាចនិងចាកចេញក្រោយព្រឹត្តការណ៏ Euro ២០២០។

បិសាចក្រហម Man. Utd និង Paris Saint-Germain គឺជាក្រុមដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសមាជិកជ័យលាភី World Cup ២០១៨ ស្របពេល Real Madrid អាចនិងដាក់តម្លៃលក់ Varane ប្រមាណ៧០ លានយូរ៉ូឯណោះ។ ក្នុងនោះដែរ Man United ទើបតែបានផ្តល់កិច្ចសន្យារយៈពេល ៥ ឆ្នាំដល់ Varane ដើម្បីធ្វើការផ្លាស់ទៅកាន់ទឹកដី Old Trafford នារដូវក្តៅនេះផងដែរ។

ប្រភពពី Foot Mercato បានចុះផ្សាយថម្ចាស់ជើងឯកទ្វីបអឺរ៉ុប Chelsea កំពុងតាមប្រមាញ់កីឡាករបារាំងរូបនេះយ៉ាងខ្លាំងដោយបានកំណត់គាត់ជាគោលដៅអាទិភាពមុនរដូវកាលថ្មីចាប់ផ្តើម ក្រោយពី កីឡាករវ័យ ២៨ ឆ្នាំរូបនេះនៅតែដើរតួនាទីយ៉ាងសំខាន់សម្រាប់ Real Madrid កាលពីរដូវកាលចាស់ដោយបង្ហាញខ្លួនបាន ៤១ ប្រកួតបើទោះបីជាក្រុមបញ្ចប់រដូវកាលមិនបានឈ្នះពានអ្វីសោះ ។ Varane បានជួយអោយក្លឹបឈ្នះពាន La Liga ចំនួន ៣ និង Copa del Rey ព្រមទាំង Champions League ចំនួន ៤ ក្រោយផ្ទេរពី Lens ក្នុងឆ្នាំ ២០១១ ។

ប្រភព៖ Sportsmole