ក្រុម Roma បានប្រកាសជាផ្លូវការកាលពីយប់មិញនេះថាបាននាំយកលោក Jose Mourinho ទៅដឹកនាំក្រុមនារដូវកាលក្រោយនេះ បន្ទាប់ពីលោកត្រូវ Spurs ដកចេញកាលពីពេលថ្មីៗនេះ។
គ្រាន់តែការប្រកាសកើតមានឡើងភ្លាម ក្រុម Roma ចាប់ផ្ដើមឡើងរាសីភ្លែតតែម្ដង។ ភាគហ៊ុនរបស់ពួកគេបានកើនឡើងដល់ទៅ២១%ឯណោះ។ ការឡើងនេះ បានបង្ហាញពីភាពវិជ្ជមានឡើងវិញរបស់ក្រុម Roma បន្ទាប់ពីរដូវកាលនេះពួកគេធ្វើមិនបានល្អទាល់តែសោះ។ បើទោះជាឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Europa League មែន ប៉ុន្តែក្លឹបនេះធ្វើមិនបានល្អទេនៅលីគអ៊ីតាលី។
Roma ក្នុងលីគ Serie A ស្ថិតនៅលេខ៧ឯណោះ មិនអាចលេងពានរង្វាន់ UEFA Champions League រដូវកាលក្រោយទេ។ ដោយឡែកនៅ Europa League វិញ ជើងទី១កន្លងទៅ ពួកគេលេងចាញ់ Manchester United ដល់ទៅ ៦-២ ទៅហើយ៕
ប្រភព: Marca