ក្រុមជម្រើសជាតិប៉ូឡូញនឹងត្រូវអវត្តមានកីឡាករឆ្នើមមានកំនត់ត្រារកគ្រាប់បាល់បញ្ចូលទីច្រើនជាងគេ Robert Lewandowski សម្រាប់ការប្រកួតជម្រុះព្រឹត្តការណ៏ World Cup ២០២២នាកីឡាដ្ឋាន Wembley នៅថ្ងៃពុធទី៣១មិនានេះ។ ផ្ទុយទៅវិញគ្រូបង្វឹកអង់គ្លេសលោក Gareth Southgate ចង់ទាញចំណាប់អារម្មណ៏ប្រិយមិត្តគាំទ្រថាក្រុមរបស់លោកវិញគឺមានវត្តមានខ្សែប្រយុទ្ធលំដាប់ពិភពលោកម្នាក់ផងដែរនោះគឺ Harry Kane នេះតែម្តង។
គួរបញ្ជាក់ថាបញ្ហរបួសជង្គង់បានរារាំងខ្សែប្រយុទ្ធ Lewandowski របស់់ក្រុម Bayern Munich មិនអាចដឹកនាំក្រុមតតាំងជាមួយក្រុមតោកំណាចអង់គ្លេសដែលមាន Harry Kane កីឡាករក្រុម Tottenham ជាប្រធានក្រុមបាននោះទេ។ ប្រធានក្រុមទាំងពីរនេះបានដើរតួជាម៉ាស៊ីនរកគ្រាប់បាល់សម្រាប់ក្រុមជម្រើសជាតិរបស់ពួកគេនាពេលកន្លងមក ខណៈ Kane រកបាន ៣៣ គ្រាប់ក្នុង ៥២ប្រកួតរីឯ Lewandowski រកបាន ៦៦គ្រាប់ ក្នុង ១១៨ លើកសំរាប់ប៉ូឡូញ។ និងក្រោយពីជួយក្លឹបឈ្នះពានបីកាលពីរដូវកាលចាស់ Lewandowski បន្តមានទម្រង់លេងដ៏គ្រោះថ្នាក់និងលេចធ្លោនៅរដូវកាលនេះដោយរកបាន ៤៧ គ្រាប់ក្នុងការបង្ហាញខ្លួន ៤២ លើកសម្រាប់ក្លឹបនិងជម្រើសជាតិ។
ប្រភព: Sportsmole