បរទេស៖ ខ្សែប្រយុទ្ធ Cristiano Ronaldo បានទទួលលទ្ធផលវិជ្ជមានម្តងទៀតទៅលើវីរុសកូរ៉ូណា នៅល្ងាចថ្ងៃមុនការប្រកួតក្របខ័ណ្ឌ Champions League របស់ក្រុម Juventus ជាមួយនឹងក្រុម Barcelona របស់ Lionel Messi។
នេះបើយោងទៅតាមបណ្តាញសារព័ត៌មាននានា នៅក្នុងប្រទេសអ៊ីតាលី និងព័រទុយហ្គាល់។ ទូរទស្សន៍ព័រទុយហ្គាល់ TVI បានចេញផ្សាយថា Ronaldo បានទទួលលទ្ធផលតេស្តទៅលើជំងឺកូវីដ-១៩ម្តងទៀត ក្រោយពីការធ្វើតេស្តមួយត្រូវបានរៀបចំឡើងដោយក្លិប Juventus។ ខ្សែប្រយុទ្ធវ័យ៣៥ឆ្នាំរូបនេះ បច្ចុប្បន្នកំពុងតែរង់ចាំលទ្ធផលពីការតេស្តរបស់ UEFA ហើយប្រសិនបើវិជ្ជមាន រូបគេនឹងមិនចូលលេងក្នុងការប្រកួតពូល G នៅទីក្រុង Turin នារាត្រីនេះឡើយ។ Ronaldo បានទទួលលទ្ធផលតេស្តជាលើកដំបូងទៅលើកូវីដ-១៩ កាលពី២សប្តាហ៍មុន ក្នុងពេលលេងឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ និងបានផ្តាច់ខ្លួននៅដាច់ដោយឡែកពីគេ ចាប់តាំងពីវិលទៅកាន់ប្រទេសអ៊ីតាលីវិញ។
បើយោងទៅតាម TV1 ម្ចាស់ពានបាល់មាស Ballon d’Or ៥សម័យកាលរូបនេះ បានទទួលលទ្ធផលតេស្តជាវិជ្ជមានចំនួន១៨លើក។ បើយោងទៅតាមច្បាប់របស់ UEFA ខ្សែប្រយុទ្ធ Ronaldo ចាំបាច់ត្រូវតែទទួលលទ្ធផលអវិជ្ជមាន រយៈពេល២៤ម៉ោង នៅមុនពេលការប្រកួត ដើម្បីមានសិទ្ធិចូលលេង។ លោក Andrea Pirlo ដែលជាគ្រូបង្វឹក បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារថា៖ «Ronaldo ទទួលការតេស្តដូចកីឡាករផ្សេងដែរ នៅល្ងាចនេះ ហើយយើងនឹងទទួលបានលទ្ធផលជាក់ស្តែង»៕