Luka Modric បាននិយាយការពារអតីតមិត្តរួមក្រុម Gareth Bale ថាខ្សែបម្រើ-ប្រយុទ្ធស្លាបក្រុមជម្រើសជាតិវែលមិនដែលជួបរឿងល្អក់កករ កំលុងពេលរូបគេលេងប្រកបអាជីពអោយក្រុមអធិរាជស Real Madrid នោះទេ។ គួរបញ្ជាក់ថាកីឡាករវ័យ៣១ឆ្នាំរូបនេះទើបតែ វិលត្រលប់ទៅជួយជុំជាមួយអតីតក្លឹបមាន់ខ្នាយ Tottenham វិញក្នុងលក្ខណ្ឌខ្ចីជើងរយៈពេលវែងបន្ទាប់ពីចំណាយពេល ៧ រដូវកាលនៅលីកកំពូលអេស្បាញ។

ខ្សែបម្រើក្រុមជម្រើសជាតិក្រូអាតរូបនេះត្រូវបាន គេហទំព័រអេស្បាញ COPE ដកស្រង់សម្តីថាៈ ខ្ញុំលេងបាល់ទាត់អាជីពច្រើនបំផុតគឺជាមួយគាត់។ Bale ជាកីឡាករដ៏ល្អ តែគាត់មានអត្តចរិកអៀនណាស់ស្រដៀងនឹងខ្ញុំដែរ។ អ្វីដែលមានការយល់ច្រលំលើរូបគេ ក្នុងរយៈពេលច្រើនឆ្នាំឆ្នាំចុងក្រោយនេះថា Bale មិនចង់និយាយភាសាអេស្បាញជាមួយមិត្តរួមក្រុមនោះមិនមែនជារឿងយុត្តិធម៌សម្រាប់គាត់ទេ។

កីឡាករដែលជួយក្រុមក្រឡាអុកក្រូអាតទទួលបានជើងឯករង World Cup ២០១៨បន្តថាៈ ខ្ញុំចង់ទាញអារម្មណ៏មជ្ឈដ្ឋានបាល់ទាត់ពិសេសអ្នកគាំទ្រគួរចងចាំការលះបង់របស់គាត់ជាច្រើន សម្រាប់ក្លឹប។ការពិត Bale តែងតែប្រើភាសាអេស្ប៉ាញទំនាក់ទំនងការងារជាមួយមិត្តរួមក្រុមពិសេសនៅបន្ទប់ផ្លាស់សំលៀកបំពាក់ ហើយគាត់និយាយលេងជាមួយយើងក៏ប្រើប្រាស់ភាសានេះផងដែរ។ ក្រោយប្រកបអាជីពនៅកីឡាដ្ឋាន Santiago Bernabeu រូបគេបានជួយក្លឹបឈ្នះពានធំៗសំខាន់ៗនៅ ទ្វីបអឺរ៉ុបគឺ Champions League ចំនួនបួនពាន La liga ២ និងពាន Copa del Rey ចំនួនមួយ។

ប្រភព៖ Goal