ក្រោយចំណាយពេល១០ ឆ្នាំជាមួយក្រុមបិសាចក្រហម Man. United ទីបំផុតខ្សែការពារកណ្តាល Chris Smalling បានចាកចេញទៅលេងអោយក្លឹប Roma កាលពីយប់ថ្ងៃច័ន្ទក្នុងតម្លៃផ្ទេរ ១៨ លានផោន ។ភ្នាក់ងាររបស់ Smalling លោក James Featherstone បានបង្ហោះរូបភាព ជាមួយការរៀបចំធ្វើដំណើរលើយន្ដហោះឯកជនមួយគ្រឿងបានបង្ហោះរូបថតរបស់ពួកគេទាំងពីរនាក់កាន់អាវយឺតរបស់ក្រុម Roma បន្ទាប់ពីកិច្ចព្រមព្រៀងត្រូវបានបញ្ចប់។

ប្រភពពត៌មានដកស្រង់ដោយ Dailymail បានចុះផ្សាយថា Roma បានបញ្ជូនឯកសារចាំបាច់ទៅឱ្យ FA របស់អ៊ីតាលីត្រឹមតែ ៦០ វិនាទីមុនពេលទីផ្សារដោះដូរកីឡារករបានបិទនៅដើមរដូវកាលថ្មីនេះ ខណៈខ្សែការពារអង់គ្លេស Smalling ទទួលបានការវិលត្រឡប់ទៅកាន់ប្រទេសអ៊ីតាលីជាអចិន្ត្រៃយ៍ក្រោយចំណាយពេលខ្ចីជើង និង បង្ហាញទម្រង់លេង បានល្អ១រដូវកាលកន្លងទៅ។

Smalling ឈានចូលវ័យ ៣១ ឆ្នាំនៅខែ វិច្ឆិកា ខាងមុខ នៅមានកិច្ចសន្យារហូតដល់ឆ្នាំ ២០២២ តែរូបគេមិនស្ថិតក្រោមការពេញចិត្តពីសំណាក់គ្រូបង្វឹកលោក Solskjaer និង ក្រោយការមកដល់របស់ Harry Maguire ធ្វើអោយរូបគេត្រូវចាកចេញទៅលីក SerieA កាលពីឆ្នាំមុន។

ប្រភព៖ DailyMail