បរទេស៖ លោក Frank Lampard អ្នកចាត់ការទូទៅរបស់ក្លិប Chelsea បញ្ជាក់ថា លោកអាចដោះស្រាយការមានសម្ពាធក្នុការផ្តល់ការប្រជែងដណ្តើមបានក្រខ័ណ្ឌ Premier League ក្រោយពីបានចំណាយប្រាក់ដល់ទៅ២០០លានផោន (ស្មើនឹង២៥៩លានដុល្លារអាមេរិក) ដើម្បីទិញចូលកីឡាករថ្មីៗ។
លោក Lampard បានចំណាយប្រាក់ច្រើនជាងគេក្នុងចំណោមអ្នកចាត់ការទូទៅរបស់ក្របខ័ណ្ឌ Premier League បើគិតចាប់តាំងបិទរដូវកាលមុន ខណៈដែលលោកមានបំណងក្នុងការកាត់បន្ថយគម្លាតពីក្រោយក្រុមម្ចាស់ជើងឯក Liverpool។ ក្រុមតោខៀវបានបញ្ចប់ដោយដេញតាមពីក្រោយក្រុម Liverpool ដល់ទៅ៣៣ពិន្ទុ ក្នុងចំណាត់ថ្នាក់លេខ៤។
ពួកគេត្រូវបានរំពឹទុកថា នឹងមានកម្រិតលេងរឹងមាំជាងមុននៅរដូវកាលនេះ ដោយសារតែការទិញចូលខ្សែប្រយុទ្ធ Timo Werner ខ្សែបម្រើប្រយុទ្ធ Kai Havertz ខ្សែការពារ Ben Chilwell ខ្សែបម្រើ Hakim Ziyech និងខ្សែការពារ Thiago Silva ខណៈដែលអ្នកអធិប្បាយជាច្រើនរំពឹងទុកថា Chelsea នឹងអាចដណ្តើមជាមួយនឹងក្រុម Liverpool។
បើទោះបីលោក Lampard បានជួបភាពជោគជ័យតាមរយៈការឈ្នះពានជាច្រើនក្នុងនាមជាកីឡាកររបស់ក្លិប Chelsea ក៏ដោយ ប៉ុន្តែ គ្រូបង្វឹកវ័យ៤២ឆ្នាំរូបនេះ ទើបតែស្ថិតក្នុងរដូវកាលទី២របស់លោកប៉ុណ្ណោះ ក្នុងនាមជាគ្រូបង្វឹករបស់ Chelsea និងមិនធ្លាប់មានការរំពឹងទុកដ៏ធំបែបនេះលើស្មាររបស់លោកឡើយ។ ប៉ុន្តែ លោក Lampard ដែលក្រុមរបស់លោក នឹងធ្វើដំណើរទៅជួបក្រុម Brighton ក្នុងការប្រកួតបើកបរដូវកាល Premier League នៅថ្ងៃចន្ទនោះ ជឿជាក់ថា គ្រប់អ្នកចាត់ការទូទៅទាំងអស់របស់ Chelsea សុទ្ធសឹងធ្លាក់ចូលក្រោមសម្ពាធ ក្នុងការជួយឲ្យក្រុមឈ្នះពាន ដោយសារតែធម្មជាតិក្នុងក្លិបនេះ៕