ខ្សែបម្រើ David Dilva បានរកតេស្ដវិជ្ជមានរកឃើញជំងឺកូរ៉ូណាក្នុងថ្ងៃដំបូងបង្ហាញខ្លួនជាកីឡាកររបស់ Real Sociedad។ អតីតកីឡាកររបស់ក្លឹប Manchester City បានពិនិត្យឃើញជំងឺចំថ្ងៃតែមួយ ដែលគេពាក់អាវរបស់ Sociedad បង្ហាញខ្លួនក្នុងកីឡដ្ឋាន Anoeta Stadium។ ក្លឹបបានប្រកាសដំណឹងនេះជាសាធារណៈ ខណៈកីឡាករកំពុងដាក់ឲ្យនៅដាច់ដោយឡែកដើម្បីធ្វើការព្យាបាល។
Silva វ័យ៣៤ឆ្នាំទទួលបានការស្នើជាច្រើនពីក្លឹបជុំវិញពិភពលោក។ ក្នុងនោះដែរលេចឭព័ត៌មានថាគេខិតជិតយល់ព្រមលក្ខខណ្ឌជាមួយ Lazio ខណៈក្លឹបរបស់ David Beckham គឺ Inter Miami ក៏មានការចាប់អារម្មណ៍ដូចគ្នា។
យ៉ាងណាក្ដីចុងក្រោយ កីឡាករសញ្ជាតិអេស្ប៉ាញសម្រេចចិត្តផ្ទេរមកកាន់ស្រុកកំណើតវិញ ដោយមកចូលរួមជាមួយ Real Sociedad។ Silva នឹងពាក់លេខ២១នៅក្លឹបថ្មី ដូចនឹងលេខដែលគេធ្លាប់ពាក់នៅ Man City, Valencia និងជម្រើសជាតិអេស្ប៉ាញ។ Silva បានពន្យល់ហេតុផលដែលគេជ្រើសយក Sociedad ដោយសារតែស្ទីលលេងរបស់ក្រុម ត្បិតក្លឹបផ្សេងហ៊ានឲ្យលុយច្រើនយ៉ាងណាក៏មិនទៅដែរ៕