David Silva អតីតខ្សែបម្រើស្លាបរបស់ក្រុម Man. City បានចូលរួមជាមួយក្រុម Real Sociedad នៅលីក កំពូលអេស្បាញនាប្រទេសកំណើតរយៈពេល ២ រដូវកាល។ Silva បានចំណាយពេល១០ ឆ្នាំនៅកីឡាដ្ឋាន Etihad Stadium និង បានបង្ហាញខ្លួនជាលើកចុងក្រោយពេលក្រុមមេឃខៀវបរាជ័យក្នុងក្របខ័ណ្ឌ Champions League សប្តាហ៏មុនជាមួយក្រុម Lyon ។

អតីតកីឡាក្រុមជម្រើសជាតិអេស្បាញរូបនេះបានផ្ទេរពី Valencia មកអង់គ្លេសក្នុងកំលុងឆ្នាំ ២០១០ ខណៈខ្សែបម្រើវ័យ ៣៤ ឆ្នាំរូបនេះបង្ហាញខ្លួន ៤៣៦ ប្រកួតនិងជួយ ឲ្យ Man City ឈ្នះពានសរុប ចំនួន ១៤ ។គួរបញ្ជាក់ថាមុនពេលចូលរួមជាមួយ Real Sociedad ក្លិបអ៊ីតាលី Lazio បានផ្តល់សំណើរជូន Silva នូវកិច្ចសន្យារយៈពេល ៣ ឆ្នាំ ទីបំផុតរូបគេបានចូលរួមជាមួយ Real Sociedad ក្នុងការផ្ទេរដោយឥតគិតថ្លៃ។

Sociedad បានបញ្ចប់រដូវកាលចាស់ក្នុងចំណាត់ថ្នាក់លេខ៦ ស្របពេលខ្សែបម្រើ Martin Odegaard បានវិលត្រឡប់ទៅក្លឹបដើមគឺ Real Madrid វិញ ក្លឹបក៏សម្លឹងឃើញកីឡាករសម្បូរបទពិសោធន៏ Silva មកជំនួស តួនាទីនេះតែម្តងទៅ។ បង្ហាញខ្លួនសរុបបាន ៣០៩ ប្រកួតនៅ Premier League ដោយស៊ុតបញ្ចូលទីបាន ៦០ គ្រាប់ Silva បានដើរ តួនាទីយ៉ាងសំខាន់ដែលជួយអោយ Man.City លើកពានក្របខណ្ឌ Premier League ៤ដង ពោលគឺ នៅឆ្នាំ២០១២, ២០១៤, ២០១៨ និង ២០១៩ ។

ប្រភព៖ BBC