អនាគត​របស់ Lionel Messi កំពុង​ធ្វើ​ឲ្យ​ពិភព​បាល់ទាត់​រញ្ជួយ ខណៈ​នេះ​ដែរ​អ្នក​គាំទ្រ​របស់​ក្លឹប Stuttgart ម្នាក់​​បាន​ប្រើ​វិធី​សាស្ត្រ​មួយ​ដើម្បី​ជួយ​ក្លឹប​អាច​ទិញ​បាន​តារា​របស់ Barcelona ខាង​លើ។ លោក Tim Artmann បាន​រៀប​ជា​មូលនិធិ​មួយ​​ជាមួយ​គោលដៅ​៩០០​លាន​អឺរ៉ូ ដើម្បី​ព្យាយាម​ឲ្យ​ក្លឹប​ស្ថិត​ក្នុង​ប្រទេស​អាល្លឺម៉ង់ Stuttgart មាន​លទ្ធភាព​​អាច​ផ្ទេរ​យក​កីឡាករ​សញ្ជាតិ​អាហ្សង់ទីន។ ៥​ថ្ងៃ​ចាប់​តាំង​ពី​បង្កើត​​ គេ​ទើប​តែ​រក​បាន​២៦២​​អឺរ៉ូ​ប៉ុណ្ណោះ​ពី​ការ​បរិច្ចាគ។

ប៉ុន្តែ Artmann បាន​បញ្ជាក់​ថា ប្រសិន​​បើ​គោលដៅ​មិន​អាច​សម្រេច​បាន​ទេ​ឬ Messi សម្រេច​ទៅ​ក្លឹប​ផ្សេង លុយ​​ដែល​ទទួល​បាន​នឹង​វេរ​ទៅ​កាន់​​មនុស្សធម៌​​ផ្សេងៗ។ ក្រោយ​ពី​ឃើញ​ការ​បង្ហោះ​របស់ Artmann ដើម្បី​រក​ប្រាក់​បែប​នេះ ក៏​មាន​អ្នក​សរសើរ​​ចំពោះ​ទឹក​ចិត្ត​នេះ​ដែរ​ដោយ​ពួក​គេ​និយាយ​ថា នេះ​ជា​រឿង​ល្អ​​ដែល​ពួក​គេ​បាន​ឃើញ។

ថ្មី​ៗ​កន្លង​ទៅ La Liga ​បាន​ចេញ​លិខិត​បញ្ជាក់​ថា Lionel Messi ​មិន​អាច​ចាកចេញ​ពី​ក្រុម FC Barcelona ​ដោយ​ប្រើ​វិធី​ពិសេស​របស់​ខ្លួន​បាន​នោះ​ទេ ​ក្រុម​ណា​ចង់​បាន​ត្រូវ​ទិញ​ផ្ដាច់​កុងត្រា​៧០០​លាន​អឺរ៉ូ៕​