La Liga ​បាន​ចេញ​លិខិត​បញ្ជាក់​ថា Lionel Messi ​មិន​អាច​ចាកចេញ​ពី​ក្រុម FC Barcelona ​ដោយ​ប្រើ​វិធី​ពិសេស​របស់​ខ្លួន​បាន​នោះ​ទេ ​ក្រុម​ណា​ចង់​បាន​ត្រូវ​ទិញ​ផ្ដាច់​កុងត្រា​៧០០​លាន​អឺរ៉ូ។

​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ ​Messi ​បាន​ប្រាប់​ថ្នាក់​ដឹក​នាំ​មិន​ទៅ​ធ្វើ​តេស្ដ​មេរោគ Covid-19 ​ដើម្បី​ចូល​ហាត់​ជាមួយ​សមាជិក​ក្រុម​នោះ​ទេ។ ​រូបគេ​នៅ​តែ​រក្សា​ចិត្ត​ដើម្បី​ចង់​ចាកចេញ​ពី​អេស្ប៉ាញ​ឱ្យ​បាន​នៅ​រដូវ​កាល​ដោះដូរ​កីឡាករ​នេះ ​ដោយ​ទៅ​លេង​នៅ​ក្រុម Manchester City ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Pep ​។ ​ការ​ចាកចេញ​នោះ​ដែរ ​រូបគេ​ចង់​ប្រើ​សិទ្ធិ​ដើរ​ចេញ​ដោយ​មិន​គិត​តម្លៃ​ខ្លួន​តែ​ម្ដង ដែល​មាន​ក្នុង​កុងត្រា​ជាមួយ​ក្រុម Barcelona ​ទោះ​នៅ​សល់​កុងត្រា​១​ឆ្នាំ​ទៀត​ក៏​ដោយ។

តែ​បើ​តាម​ក្របខណ្ឌ La Liga ​ចេញ​មក​បញ្ជាក់ Messi មិន​អាច​ប្រើ​សិទ្ធិ​ពិសេស​នោះ​បាន​ឡើយ។ ​ដោយ​នេះ​មាន​ន័យ​ថា ​ក្លឹប​ចង់​បាន​រូបគេ​ត្រូវ​បង់​ប្រាក់​៧០០​លាន​អឺរ៉ូ​ដើម្បី​ផ្ដាច់​កុងត្រា​១​ឆ្នាំ​របស់​គេ​សិន​ទើប​អាច​យក​ទៅ​បាន​៕