កីឡា៖ ក្រុមជើងខ្លាំងអាល្លឺម៉ង់ Borussia Dortmund បានចុះកុងត្រា យកកីឡាករមានទេពកុសល្យរបស់អង់គ្លេសដែលកំពុងប្រកបអាជីពនៅមេឃខៀវ គឺ Jamie Bynoe-Gittens ។

Bynoe-Gittens នឹងត្រូវដើរតាមផ្លូវមួយរបស់ Jadon Sancho ដោយច្បាស់នឹងចាកចេញពីកីឡដ្ឋាន Etihad នៅរដូវក្តៅនេះជាមួយក្លិបកំពូលនៅអឺរ៉ុបកំពុងតាមល្បួងយកកីឡាករ អាយុ ១៦ឆ្នាំខាងលើ។ Paris Saint-Germain ក៏មានការចាប់អារម្មណ៍ចំពោះ កីឡាករ វ័យជំទង់ប៉ុន្តែក្រុមនៅអាល្លឺម៉ង់ហាក់ដើរមុខមួយជំហានក្នុងទីផ្សារផ្លាស់ប្តូររបស់ពួកគេ ។

ក្លិបនៅអាល្លឺម៉ង់ខាងលើនេះ ហាក់មើលឃើញថា កីឡាករថ្នាលនៅអង់គ្លេសជាកន្លែងដែលផលិតកីឡាករល្អក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយក្នុងនោះពួកគេបានចុះហត្ថលេខាយក Sancho ពីមេឃខៀវ និង Jude Bellingham ពី Birmingham កាលពីខែមុន។​ បញ្ជាក់ផងដែរថា Sancho បានចាកចេញពី Etihad ក្នុងឆ្នាំ ២០១៧ ក្រោយការខកចិត្តមិនបានលេងក្នុងឈុតធំក្រោមយុទ្ធសាស្ត្រដឹកនាំរបស់ Pep Guardiola ៕