ប្រទេសអុីតាលី៖ ក្រុម Inter Milan បានយកឈ្នះលើក្រុម Napoli យ៉ាងងាយក្នុងលទ្ធផល ២-០ ដើម្បីរក្សាតំណែងលេខ២ នៅលើតារាងក្របខ័ណ្ឌ Serie A កាលពីថ្ងៃអង្គារ ពីលើក្រុម Atalanta ដែលនៅមុននេះ បានវាយបកផ្តួលក្រុម Parma ក្នុងលទ្ធផល ២-១។
ក្រុម Juventus បានឈ្នះពានក្របខ័ណ្ឌលីកជាលើកទី៩ជាប់ៗគ្នារបស់ពួកគេរួចជាស្រេច ប៉ុន្តែ ក្រុមចំនួន៣ កំពុងតែប្រជែងដណ្តើមយកចំណាត់ថ្នាក់លេខ២ ដែលរួមមានក្រុម Inter Milan, Atalanta និង Lazio ខណៈដែលការប្រជែងរបស់ពួកគេនឹងបន្តរហូតដល់ថ្ងៃចុងក្រោយនៃការប្រកួតនៅអ៊ីតាលី។ ក្រុម Inter របស់លោក Antonio Conte បាននាំមុខ១ពិន្ទុលើក្រុម Atalanta ខណៈដែលក្រុមទាំង២ នឹងត្រូវប៉ះគ្នានៅថ្ងៃចុងក្រោយនៃការប្រកួតរបស់ពួកគេនៅរដូវកាលនេះ នាថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ។
Lazio ដែលកំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ៤ នឹងត្រូវប៉ះជាមួយនឹងក្រុម Brescia នៅរាត្រីនេះ ខណៈដែលក្រុមរបស់លោក Simone Inzaghi ក៏នៅតែមានឱកាសក្នុងការប្រជែងដណ្តើមយកលេខ២ផងដែរ ដោយពួកគេត្រូវប៉ះជាមួយនឹងក្រុម Napoli ក្នុងការប្រកួតចុងក្រោយរបស់ពួកគេ នៅចុងសប្តាហ៍នេះ។
កីឡាករ Danilo D’Ambrosio បានជួយឲ្យក្រុម Inter រកបានគ្រាប់បាល់នាំមុខមុន ក្រោយពីលេងបាន១១នាទី នៅកីឡដ្ឋាន San Siro នៅមុនពេល Lautaro Martinez បានបន្ថែម១គ្រាប់ទៀត ក្នុងរយៈពេល១៥នាទីចុងក្រោយ នៅពេលប្រកួតជាមួយនឹងក្រុមឈរលេខ៧ Napoli៕
វីដេអូ៖
ប្រភពព័ត៌មាន៖ Channel News Asia