ក្រោយដឹកនាំក្រុមឈ្នះពាន La Liga រដូវកាល២០១៩-២០២០រួចមក អ្នកចាត់ការទូទៅលោក Zinedine Zidane មានផែនការរក្សាទុកកីឡាកររូបណាដែលរូបលោកគិតថាមានសមត្ថភាពត្រូវចិត្តរបស់ខ្លួន និងអាចជួយក្រុមបានសម្រាប់ ការប្រកួតប្រជែងនៅរដូវកាលបន្ទាប់។ផ្ទុយទៅវិញមានកីឡាករ៥រូបដែលត្រូវបានគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ មិនដាក់ក្នុងបញ្ជីប្រើប្រាស់មានន័យថាពួកគេស្ថិតក្នុងទីផ្សារលក់ចេញរឺក្នុងលក្ខណ្ឌខ្ចីជើង។
១.Gareth Bale
ទោះបីជាមានការអះអាងពីភ្នាក់ងារផ្ទាល់ខ្លួនរបស់ Bale ថាសាមីខ្លួននិងមិនចាកចេញពីទឹកដី Santiago Bernabeu តែការពិតខ្សែបម្រើស្លាបក្រុមជម្រើសជាតិវែល ត្រូវបានដាក់ ក្នុងបញ្ជីផ្ទេរចេញខណៈលោក Zinedine Zidane មិនមានគម្រោងប្រើប្រាស់អតីតកីឡាករក្រុម Tottenham នៅរដូវកាលថ្មីទៀតទេ។ ប៉ុន្តែបញ្ហាប្រឈមគឺក្លឹបពិបាក និង ស្វែងរកក្រុមដែលទទួលខុសត្រូវលើប្រាក់បៀរវត្សប្រចាំខែដ៏ច្រើនគួរសមរបស់គេ។
២.James Rodriguez
កីឡាករអន្តរជាតិកូឡុំប៊ីរូបនេះបានបញ្ជាក់យ៉ាងច្បាស់ថារូបគេមិនចង់បន្តនៅជាមួយក្រុម Real Madrid ទៀតទេ។ កាលពីពេលថ្មីៗនេះម្ចាស់ជ័យលាភីស្បែកជើងមាសពានរង្វាន់ World Cup ២០១៤ បាននិយាយដោយត្រង់ ៗ ទៅគ្រូបង្វឹកកុំអោយដាក់រូបគេលេងសម្រាប់ការប្រកួតពីរបីលើកចុងក្រោយរបស់ក្រុមអធិរាជស Real Madrid ដែលបង្ហាញច្បាស់ណាស់ថារូបគេចង់ចាកចេញនៅពេលណាដែលអាចធ្វើទៅបាន។
៣.Brahim Diaz
រដូវកាលចាស់ទើបតែបញ្ចប់កីឡាករវ័យ២០ឆ្នាំរូបនេះ នៅមិនបានបង្ហាញសមត្ថភាពធ្វើអោយលោក Zidane មានចំណាប់អារម្មណ៍ដូចដែលគាត់ចង់បាននោះទេ។ ដោយសារមិនអាចផ្តល់ឪកាសគ្រប់គ្រាប់សម្រាប់អតីតកីឡាករ Man.City រូបនេះក្លឹបនិងពិចារណាដាក់អោយ Diaz ព្រមទាំង Takefusa Kubo (ដែលប្រិយមិត្តនិយមហៅម៉េសស៊ីជប៉ុន)អោយក្លឹបដទៃខ្ចីជើងនៅនៅរដូវកាលក្រោយជាមួយគ្នាបន្ថែមទៀត។
៤.Mariano Diaz
ទោះបីបង្ហាញសមត្ថភាពស៊ុតបាល់បញ្ចូលទីក្នុងជំនួប El-Clasico ជាមួយ Barcelona ក្នុងជំនួបជើងទី១ ក៏មិនអាចធ្វើឱ្យខ្សែយុទ្ធវ័យ២៦ឆ្នាំរូបនេះទទួលបានការចាប់អារម្មណ៍ពីលោក Zinedine Zidane នោះដែរ។ កីឡាករអន្តរជាតិអេស្បាញរូបនេះមានឱកាសតិចតួចដែលនិងអាចចូលលេងជំនួស Luka Jovic នៅរដូវកាលក្រោយ។ ដូច្នេះក្លិបនិងពិចារណាលក់រូបគេជាអចិន្ត្រៃយ៍នៅរដូវកាលក្រោយ។
៥.Alvaro Odriozola
ខ្សែការពារស្តាំវ័យ២៤ឆ្នាំរូបនេះត្រូវបានលោក Zinedine Zidane ដាក់អោយក្លិប Bayern Munich ខ្ចីជើងកាលពីរដូវកាលមុន។ ទោះយ៉ាងណារូបគេនៅមិនទាន់អាចប្រកួតប្រជែងនិងតំណែងទីមួយរបស់ Dani Carvajal ដែលក្លឹបតែងដាក់រូបគេអោយចូលលេងជម្រើស១១នាក់ដំបូងយ៉ាងទៀងទាត់ ។
ប្រភព៖ Tribuna