Valencia បានបណ្តេញគ្រូបង្វឹកលោក Albert Celades ចេញភ្លាមៗបន្ទាប់ពីទទួល លទ្ធផលមិនល្អក្រោយដឹកនាំក្រុម ទើបតែស្គាល់រសជាតិឈ្នះ មួយប្រកួតក្នុងចំណោមប្រាំប្រកួតរបស់ពួកគេចាប់តាំងពីលីកកំពូល La liga បានវិលត្រឡប់មកវិញ ក្រោយការផ្អាកដោយសាមេរោគកូវីត-១៩។
សរុបមកគឺក្រុមទទួលបានជ័យជំនះតែ២ដងប៉ុណ្ណោះ បន្ទាប់ពី ១៣ ប្រកួតចុងក្រោយរបស់ពួកគេក្នុងការប្រកួតគ្រប់ក្របខណ្ឌទាំងអស់នៅរដូវកាលនេះ។ ជំនួយការគ្រូបង្វឹកលោក Voro នឹងត្រូវទទួលបន្ទុកឡើងមកដឹកនាំក្រុមជាបណ្តោះអាសន្នរហូតដល់ចុងបញ្ចប់នៃរដូវកាល ២០១៩-២០២០នេះ ។
លោក Voro ដែលធ្លាប់លេងអោយក្លឹបអស់រយៈពេល ៩ ឆ្នាំកន្លងមក ក៏ធ្លាប់បានដឹកនាំក្រុមឈ្នះ ១៨ ដងក្នុងចំនោមការប្រកួតសរុប ៣៦ លើកក្នុងនាមអ្នកចាត់ការទូទៅបណ្តោះអាសន្ន ។ លោក Celades ដែលបានចូលមកកាន់តួនាទីជំនួសលោក Marcelino កាលពីខែកញ្ញាបានចាកចេញពីក្លឹបដែលកំពុងឈរនៅចំណាត់ថ្នាក់លេខ ៨ នៅ La Liga និងមានគម្លាត៨ ពិន្ទុពីចំណាត់ថ្នាក់ក្រុមកំពូលទាំង៤ដែលត្រូវប្រជែងកៅអី Champions League រដូវកាលក្រោយ។
ប្រភព៖ Goal