Jadon Sancho និយាយថាគាត់ពិតជារីករាយណាស់ដែលធ្វើបានសម្រេចគ្រាប់បាល់ស៊ុតបញ្ចូលទី៣គ្រាប់ជាលើកដំបូងក្នុងអាជីពរបស់ខ្លួនក្នុងជំនួបរវាងក្រុមភ្ញៀវ Borussia Dortmund ផ្តួលម្ចាស់ផ្ទះ Paderborn ក្នុងលទ្ធផល៦ទល់និង១កាលពីថ្ងៃអាទិត្យ។

Sancho កីឡាករអន្តរជាតិអង់គ្លេសវ័យ២ឆ្នាំរូបនេះ ក៏បានឆ្លៀតយកឱកាសនេះដើម្បីអំពាវនាវរកយុត្តិធម៌អោយ ជនជាតិស្បែកខ្មៅម្នាក់ឈ្មោះ George Floyd បន្ទាប់ពីរូបគេបានទទួលមរណៈភាព នៅក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលីសក្នុងរដ្ឋមីនីសូតាក្រោយរងការចាប់ឃាត់ខ្លួនពីប៉ូលីសស្បែកស ដែលបានប្រើសកម្មភាពលុតជង្គង់សង្កត់ករូបគេរួចមក។បច្ចុប្បន្ននេះប្រជាជនស្បែកខ្មៅភាគច្រើន បានផ្ទុះការតវ៉ាទាមទាររកយុត្តិធម៌ ជុំវិញការស្លាប់របស់បុរសស្បែកខ្មៅរូបនេះ នៅតាមទីក្រុងនានានៅទូទាំងសហរដ្ឋអាមេរិក។

ជ័យជម្នះសប្តាហ៏ទី២៩នេះនៅតែបន្តឪកាសដល់ក្រុម Dortmund ដើម្បីប្រជែងជើងឯក Bundesliga ពីក្រុម Bayern Munich ខណៈការប្រកួតនៅសល់ប្រាំមួយដងទៀតនិងបញ្ចប់រដូវកាល។

ប្រភព៖ Mirror