លោក Pep Guardiola បានកោតសរសើរការស្រេកឃ្លានរបស់ក្រុម Manchester City របស់លោក ក្នុងការបន្សល់ទុកនូវកេរិ៍្តដំណែល ក្រោយពីបានឈ្នះពាន League Cup ជាលើកទី៣ជាប់ៗគ្នា តាមរយៈការផ្តួលក្រុម Aston Villa ក្នុងលទ្ធផល ២-១ នាកីឡដ្ឋាន Wembley កាលពីថ្ងៃអាទិត្យ ក្រោយពីខ្សែប្រយុទ្ធ Sergio Aguero និង Rodrigo បានស៊ុតបាល់បញ្ចូលទីដូចគ្នា។
Man City បច្ចុប្បន្ន បានឈ្នះពាន៨លើកក្នុងចំណោមពាន៩ចុងក្រោយ ក្នុងកីឡាបាល់ទាត់អង់គ្លេស ក្រោមការដឹកនាំរបស់លោក Guardiola ដែលបច្ចុប្បន្នបានឈ្នះបានសរុបចំនួន២៩ ក្នុងអាជីពជាគ្រូបង្វឹករបស់លោក។ លោក Guardiola បានឲ្យដឹងថា៖ «ចាប់តាំងពីយើងបានឈ្នះពានជាលើកដំបូង ក្រោយពីបានផ្តួលក្រុម Arsenal ក្នុង League Cup យើងបានលេងក្នុងយុទ្ធនាការចំនួន១១ និងបានឈ្នះពាន៨លើក។ វាពិតជាច្រើនមែនទែន។
សម្រាប់ក្លិបនេះ វាមិនត្រឹមតែជាពានមួយឡើយ ប៉ុន្តែ វាជាការបង្ហាញថា រាល់ការប្រកួតទាំងអស់ដែលយើងលេង ពិតជាសំខាន់ ហើយយើងចង់ឈ្នះ»។ លោកបានបន្ថែមទៀតថា៖ «គ្រប់គ្នាដឹងថា យើងមានការទទួលខុសត្រូវក្នុងការប្រយុទ្ធ ដើម្បីព្យាយាមឈ្នះពាន។ ការឈ្នះពាន៨ក្នុងចំណោម១១ គឺជាសមិទ្ធផលដ៏អស្ចារ្យ»។
ក្រោយពីក្រុម Man City បាននាំមុខ ២-០ នៅត្រឹមនាទី ទី៣០ កីឡាករ Mbwana Samatta បានវាយបកបាន១គ្រាប់វិញសម្រាប់ក្រុម Aston Villa ប៉ុន្តែ ការរង់ចាំរបស់ពួកគេសម្រាប់ការឈ្នះពានជាលើកទី១ បើគិតចាប់តាំងពីឆ្នាំ១៩៩៦ នៅតែបន្ត៕
ប្រភពព័ត៌មាន៖ Channel News Asia