ប្រភពពី ESPN បានចុះផ្សាយថាជម្លោះនិងការឆ្លងឆ្លើយគ្នាដែលបានកើតមានឡើងថ្មីៗនេះរវាងកំពូលខ្សែប្រយុទ្ធ Lionel Messi ជាមួយនាយកប្រតិបត្តិផ្នែកកីឡារបស់ក្លឹប លោក Eric Abidal បានធ្វើអោយក្រុមមេឃខៀវ Manchester City កំពុងតាមដាននិងឃ្លាំមើលស្ថានការណ៍យ៉ាងយកចិត្តទុកដាក់បំផុត ជាមួយគោលបំណងត្រៀមបើកការចរចារដើម្បីធ្វើការ ផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅរដូវក្តៅខាងមុខនេះ។

Messi ខ្សែប្រយុទ្ធអាហ្សង់ទីនវ័យ៣២ឆ្នាំរូបនេះមានកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ ២០២១ ខណៈក្រុមម្ចាស់ជើងឯក Premier League ជឿជាក់ថាពួកគេនឹងដាក់តម្លៃសមរម្យបំផុតដើម្បីអន្ទងចិត្ត Messi ប្រសិនបើគាត់សម្រេចចិត្តចាកចេញពីទឹកដី Camp Nou ដោយសារតែខ្លួនក៏មានទំនាក់ទំនងដ៏ល្អបំផុតជាមួយអតីត អ្នកចាត់ការរបស់ខ្លួនគឺលោក Pep Guardiola ដែលបច្ចុប្បន្នជាគ្រូបង្វឹកក្រុម Man.City នោះ ។

Man.City ត្រូវបានគែជឿជាក់ថាជាក្លឹបលំដាប់ពិភពលោកមួយនៅក្នុងចំណោមក្លឹបធំៗនៅ ក្របខណ្ឌ Premier League ដែលមិនខ្លាចនិងហ៊ានចំណាយប្រាក់ឈ្នួលដល់ Messi ដែលកំពុងទទួលបានបច្ចុប្បន្នគឺប្រមាណ ៥០ លានផោន (៥៩ លានយូរ៉ូ / ៦៤ លានដុល្លារ) ក្នុងមួយឆ្នាំ។

ប្រភព៖ Goal