ខ្សែប្រយុទ្ធ Cristiano Ronaldo បានធ្វើឲ្យកំណត់ត្រានៃការរកបានគ្រាប់បាល់ជាប់ៗគ្នារបស់គេកើនដល់ ៩ប្រកួត តាមរយៈការស៊ុតបាល់បញ្ចូលទី ២គ្រាប់ ខណៈដែលក្រុម Juventus ដែលកំពុងតែនាំមុខលើកំពូលតារាងនៃក្របខ័ណ្ឌ Serie A បានស្តារមុខមាត់ពីការចាញ់ក្រោមស្នាដៃក្រុម Napoli ដើម្បីទទួលជ័យជម្នះ ២-០ លើក្រុម Fiorentina កាលពីថ្ងៃអាទិត្យ។
ប៉ុន្តែ ក្រុមគូប្រជែង Inter Milan និង Lazio ក៏បានវិលទៅកាន់ផ្លូវនៃជ័យជម្នះផងដែរ ខណៈដែលកីឡាករ Romelu Lukaku និង Ciro Immobile បានស៊ុតបាល់បញ្ចូលទី២គ្រាប់ដូចគ្នា សម្រាប់ក្រុមរបស់ខ្លួនរៀងៗខ្លួន ដើម្បីរក្សាការដាក់សម្ពាធលើក្រុមម្ចាស់ការពារជើងឯក។ Juventus កំពុងតែនាំមុខ៣ពិន្ទុលើក្រុមឈរលេខ២ Inter Milan ដែលបានផ្តួលក្រុម Udinese ក្នុងលទ្ធផល ២-០។
ដោយឡែក ក្រុម Lazio កំពុងតែដេញតាមពីក្រោយ២ពិន្ទុ ជាមួយនឹងការនៅសល់១ប្រកួតក្នុងដៃ ក្រោយពី Immobile និង Felipe Caicedo សុទ្ធសឹងបានស៊ុតបាល់បញ្ចូលទីដូចគ្នាក្នុងពេលក្រុមខ្លួនទទួលជ័យជម្នះ ៥-១ លើក្រុមបាតតារាង SPAL។
Ronaldo បានសរសេរនៅលើបណ្តាញសង្គម Twitter ថា៖ «វាគឺជារឿងដ៏ល្អក្នុងការវិលទៅកាន់ជ័យជម្នះ ហើយពិតជារីករាយណាស់ក្នុងការស៊ុតបាល់បញ្ចូលទីម្តងទៀតនៅកីឡដ្ឋានរបស់យើង! ពិតជាមានមោទនភាពណាស់ក្នុងការស៊ុតបាល់បញ្ចូលទីបាន៥០គ្រាប់ជាមួយនឹងក្រុម Juventus»៕
វីដេអូ៖