លោក Simone Inzaghi គ្រូបង្វឹករបស់ក្រុម Lazio បានផ្តល់ការព្រមានថា ក្រុមរបស់លោកត្រៀមខ្លួនរួចរាល់ហើយក្នុងការប្រជែងដណ្តើមពាន Serie A ជាលើកដំបូងរបស់ពួកគេ បើគិតចាប់តាំងពីឆ្នាំ២០០០ បន្ទាប់ពីឡើងទៅឈរលេខ២ នៅលើតារាង កាលពីថ្ងៃអាទិត្យ ដោយដេញតាមពីក្រោយក្រុម Juventus ត្រឹមតែ១ពិន្ទុគត់ បន្ទាប់ពីបានវាយបកផ្តួលក្រុម Inter Milan ក្នុងលទ្ធផល ២-១។
ក្រុម Juventus បានដណ្តើមយកចំណាត់ថ្នាក់លេខ១មកវិញ ក្រោយពីកីឡាករ Paulo Dybala និង Juan Cuadrado បានជួយឲ្យក្រុមយក្សនៅទីក្រុង Turin យកឈ្នះលើក្រុម Brescia ក្នុងលទ្ធផល ២-០។
ក្រុម Inter Milan បានធ្លាក់ទៅឈរក្នុងចំណាត់ថ្នាក់លេខ៣ ដោយដេញតាមពីក្រោយក្រុមម្ចាស់ជើងឯក Juventus ៣ពិន្ទុ បន្ទាប់ពីបានរងបរាជ័យជាលើកទី២របស់ពួកគេនៅរដូវកាលនេះ។
លោក Inzaghi បានឲ្យដឹងថា៖ «យើងត្រូវតែរក្សានូវអារម្មណ៍ស្ងប់ និងរក្សាការផ្តោតអារម្មណ៍ ប៉ុន្តែ ខ្ញុំប្រាកដចិត្តថា យើងនឹងទទួលជ័យជម្នះ។ យើងគ្មានអ្វីត្រូវចាញ់ឡើយ»។ លោកបានបន្ថែមទៀតថា៖ «យើងដឹងថា ក្រុម Juventus និង Inter សុទ្ធសឹងជាក្រុមដ៏ខ្លាំង ហើយយើងនឹងធ្វើរាល់អ្វីទាំងអស់ដើម្បីប្រជែងរហូតដល់ទីបញ្ចប់ ដោយដឹងថា វានឹងលំបាក»៕
ប្រភពព័ត៌មាន៖ Channel News Asia