សេចក្ដីរាយការណ៍ចុងក្រោយបានឲ្យដឹងថាក្លិបយក្សអេស្ប៉ាញ Real Madrid បច្ចុប្បន្នកំពុងតែស្ដាយក្រោយ ចំពោះការលក់កីឡាករ Theo Hernandez ទៅឲ្យក្លិប AC Milan ហើយពេលនេះគេកំពុងក្លាយជាតារាឆ្នើមម្នាក់ប្រចាំក្របខណ្ឌលីគកំពូលអ៊ីតាលី Serie A។
Hernandez ត្រូវបាន Real Madrid លក់ទៅឲ្យ AC Milan កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩ ក្នុងតម្លៃខ្លួនត្រឹមតែ ២២លានដុល្លារប៉ុណ្ណោះ។ ក្រោយផ្លាស់ពី Atletico Madrid មកលេងនៅកីឡដ្ឋាន Santiago Bernabeu ក្នុងឆ្នាំ២០១៧ អមដោយតម្លៃនៃការផ្ទេរ ២៦លានដុល្លារ កីឡាករវ័យ២២ឆ្នាំ Hernandez មិនបានក្លាយជាកម្លាំងចាំបាច់ក្រោមការដឹកនាំរបស់លោក Zidane នោះទេ។
រួមរស់អស់រយៈពេល២ឆ្នាំជាមួយ Real Madrid កីឡាករជំនាញជើងឆ្វេង Hernandez ចូលលេងបានត្រឹមតែ២៣លើកប៉ុណ្ណោះពីការប្រកួតគ្រប់ព្រឹត្តិការណ៍ទាំងអស់។ យ៉ាងណាមិញ ក្រោយទៅចូលរួមក្លិបមានមូលដ្ឋាននៅទីក្រុង Milan កាលពីរដូវក្ដៅកន្លងទៅ Hernandez រកបាន៦គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេច២ដង ពីការបង្ហាញខ្លួនសរុបប២១ប្រកួត។
បើយោងតាមការចុះផ្សាយរបស់កាសែតអ៊ីតាលី Calciomercato ក្លិប Real Madrid កំពុងតែសោកស្ដាយក្នុងការសម្រេចចិត្តលក់ Hernandez ចេញ។ គួរបញ្ជាក់ផងដែរថា ក្រោយលក់ Thero Hernandez អ្នកចាត់ការទូទៅសញ្ជាតិបារាំង Zidane បានចំណាយប្រាក់ ៥០លានដុល្លារដើម្បីទិញកីឡាករ Ferland Mendy មកប៉ះប៉ូវនូវតំបន់ការពារឆ្វេង និងទុកជំនួស Marcelo ប៉ុន្តែ Mendy ហាក់ដូចនៅមិនទាន់អាចបង្ហាញភាពលេចធ្លោណាមួយបាននៅឡើយសោះ៕
ប្រភព៖ FoxSportsAsia